ស្របពេលដែលពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ ១៩ សម្តេចតេជោ បានអំពាវនាវដល់ពលរដ្ឋខ្មែរទូទាំងប្រទេស ត្រូវមានអនាម័យ ហើយត្រូវចូលរួមទប់ស្កាត់ព័ត៌មានមិនពិតដែលបំពុលសង្គមជាតិ។ សូមបងប្អូនប្រជាពលរដ្ឋកុំភ័យខ្លាចជ្រុលខ្លាំងពេក។ មកទល់ថ្ងៃនេះ គឺមាន ១៤៦ប្រទេស និងដែនដី រួមទាំងនាវា ១ ដែលកំពុងមានរីករាលដាលជំងឺឆ្លងកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជា សហការជាមួយពិភពលោក ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏កាចសាហាវនេះ។ មកទល់ពេលនេះ កម្ពុជាមានពលរដ្ឋខ្មែរ ១នាក់ ដែលបានឆ្លងមេរោគកូវីឌ១៩ និងមានជនជាតិអង់គ្លេស ៣នាក់ ចិន ១នាក់ (ប៉ុន្តែបានព្យាបាលជា ហើយបញ្ជូនទៅកាន់ប្រទេសកំណើតវិញហើយ) និង ជនជាតិកាណាដា ២នាក់ ដែលបានឆ្លងមេរោគកូវីឌ១៩។ ក្រសួងសុខាភិបាលកម្ពុជា កំពុងធ្វើការជិតស្និទជាមួយដៃគូទាំងអស់ ជាពិសេសជាមួយអង្គការសុខភាពពិភពលោក (WHO) ក្នុងការព្យាបាល និងទប់ស្កាត់ជំងឺនេះ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ច្បាស់ថា កម្ពុជាគ្មានហេតុផលណា ដែលត្រូវលាក់ទុកទិន្នន័យអ្នកឆ្លងជំងឺកូវីឌ១៩ នោះទេ។
នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអបអរសាទរជាមួយមិត្តចិន ដែលបានខិតខំជំនះបាននូវគ្រោះមហន្តរាយ ដោយបានរំដោះខ្លួនចេញពីជំងឺឆ្លងដ៏កាចសាហាវនេះ ដែលបានធ្វើអោយចំនួនអ្នកឆ្លងមេរោគត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយដែលមកទល់ថ្ងៃនេះ គឺពុំមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នេះទេ។ ស្របពេលជាមួយគ្នានេះដែរ មិត្តចិនកំពុងជួយទៅលើប្រទេសដទៃទៀត ដែលកំពុងរាតត្បាតដោយជំងឺឆ្លងកូវីឌ ១៩ នេះ គឺមានដូចជាប្រទេសអ៊ីតាលី និងប្រទេសកូរ៉េខាងត្បូង។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានជម្រាបជូនជាសាធារណៈអោយដឹងផងដែរថា ក្រសួងអប់រំយុវជន និងកីឡា បានសម្រេចផ្អាកជាបណ្តោះអាសន្ន បិទគ្រឹះស្ថានអប់រំចំណេះដឹងទូទៅរដ្ឋ និងឯកជននៅក្នុងទីរួមខេត្តសៀមរាប និងក្នុងរាជធានីភ្នំពេញ។ នេះគឺជាការផ្អាកបណ្តោះអាសន្នដែលហៅថា វិស្សមកាលតូច ដែលក្រសួងនឹងជូនដំណឹងអំពីថ្ងៃចូលសិក្សាវិញនៅពេលក្រោយ។ នៅពេលនេះ សុខភាពគឺសំខាន់បំផុតសម្រាប់ពលរដ្ឋទូទាំងប្រទេស។
ស្ថិតក្នុងស្ថានភាពនៃការរីករាលដាលជំងឺឆ្លងកូវីឌ-១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូមអំពាវនាវជាបន្តដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវតែមានអនាម័យរស់នៅល្អ ទាំងសម្រាប់ខ្លួនឯង និងសម្រាប់ក្រុមគ្រួសារ ហើយត្រូវចូលរួមទប់ស្កាត់ជម្ងឺឆ្លងនេះទាំងអស់គ្នា។ សម្តេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នា បើមានការសង្ស័យណាមួយ សូមទំនាក់ទំនងជាបន្ទាន់មកកាន់មន្ទីរពេទ្យជំនាញដើម្បីទទួលបានការពិនិត្យ និងព្យាបាល៕