ទន្ទឹមនេះ ក្នុងនាមជាអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្ត ឯកឧត្ដមបានស្នើដល់កងកម្លាំង មន្ត្រីគយ និងរដ្ឋាករ មន្ត្រីចត្តាឡីស័ក និងមន្ត្រីមានសមត្ថកិច្ច ដែលឈរជើងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានម៉ឺងម៉ាត់ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជារដ្ឋបាលខេត្តពាក់ព័ន្ធនឹងការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែនរវាងប្រជាពលរដ្ឋប្រទេសទាំងពីរ ដោយឡែកចំពោះការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរួម ត្រូវសម្របសម្រួលជាមួយភាគីវៀតណាម ដើម្បីសម្រួល និងរក្សាឲ្យបាននូវស្ថិរភាពលំហូរចរាចរទំនិញនាំចេញ-នាំចូលឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ ឲ្យប្រព្រឹត្តទៅដោយរលូន ល្អប្រសើរ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ក្នុងការសហការរួមគ្នាពង្រឹងកិច្ចអនុវត្តវិធានការបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ស្របតាមវិធានការការពារដែលណែនាំដោយចត្តាឡីស័ក ដូចជាការបាញ់ថ្នាំកម្ចាត់មេរោគលើរថយន្តដឹកទំនិញជាដើម ហើយឯកឧត្ដមនឹងចាត់មន្ត្រីចត្តាឡីស័ក និងមន្ត្រីបសុពេទ្យមកប្រចាំការរហូតដល់ស្ថានភាពនៃជំងឺកូវីដ-១៩ មានភាពធូរស្រាល ដើម្បីចូលរួមពង្រឹងអនុវត្តនូវវិធានការនេះ ៕