១. ចាត់តាំងអនុវត្តតាម ៖ ទី១.សារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ ០១ សរណន ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ទី២.សេចក្តីណែនាំលេខ ០៣៩ សខល ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល ស្តីពីនីតិវិធីដាក់ខ្លួនឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល ១៤ថ្ងៃ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមផ្ទះជាលក្ខណៈបុគ្គល និងទី៣.លិខិតលេខ ១០០៧ សជណ របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ។
២. ត្រូវបែងចែកជាក្រុមការងារតូចៗ ឲ្យចុះតាមខ្នងផ្ទះ ដើម្បីពន្យល់ ណែនាំអំពីវិធានការការពារជំងឺ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស វិធានការអនាម័យងាយៗ ដូចជា ការលាងសម្អាតដៃឲ្យបានញឹកញាប់ និងការរក្សាអនាម័យខ្លួនប្រាណឲ្យបានជាប់ជាប្រចាំ។
៣. ត្រូវយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើការចំណាកស្រុក ត្រលប់មកស្រុកកំណើតវិញ ត្រូវដាក់ឲ្យដាច់ដោយឡែក ១៤ថ្ងៃ។ ក្នុងករណីមានលទ្ធភាពបន្ថែម ក្រុមការងារគួរផ្តល់ជូនផងដែរនូវ សាប៊ូ ក្រម៉ា គ្រឿងឧបភោគ បរិភោគ សម្រាប់ឧបត្ថម្ភដល់ពួកគាត់ដែលទើបនឹងត្រលប់មកពីក្រៅប្រទេសតាមលទ្ធភាពជាក់ស្តែង ដែលអាចធ្វើបាន ក្នុងកាលៈទេសៈដែលពួកគាត់ពុំបានប្រកបរបអាជីវកម្មផ្សេងសម្រាប់ក្រុមគ្រួសារ។
៤. មន្ទីរសុខាភិបាលខេត្តស្វាយរៀង ត្រូវយកចិត្តទុកដាក់ក្នុងការទទួល ពិនិត្យ និងព្យាបាល ចំពោះករណីអ្នកដែលមានរោគសញ្ញាកូវីដ-១៩ ។ ជាពិសេស ពង្រឹងមន្ទីរពេទ្យបង្អែកក្រុង ស្រុក និងមណ្ឌលសុខភាព ឃុំ សង្កាត់ តាមរយៈ លេខទូរស័ព្ទ ១១៥ ។
៥. ត្រូវពិនិត្យលទ្ធភាព ក្នុងការឧបត្ថម្ភគាំទ្រសម្ភារៈ និងថវិកាដល់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់នីមួយៗ ដើម្បីមានលទ្ធភាពធ្វើសកម្មភាពផ្ទាល់នៅមូលដ្ឋាន ក្នុងការកាត់បន្ថយ និងបង្កាទប់ស្កាត់ការរាតត្បាតជំងឺ រលាកផ្លូវដង្ហើមធ្ងន់ធ្ងរ កូវីដ-១៩ នៅភូមិសាស្ត្រខេត្តស្វាយរៀង។
៦. អាជ្ញាធរខេត្តត្រូវណែនាំដល់អាជ្ញាធរឃុំ សង្កាត់ ភូមិ ត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះត្រួតពិនិត្យ ជាប្រចាំ ដើម្បីធានាថា បងប្អូនប្រជាពលរដ្ឋ ខ្មែរដែលវិលត្រលប់មកពីក្រៅប្រទេសវិញ អនុវត្តវិធានការដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ បានត្រឹមត្រូវតាមនីតិវិធីដែលបានកំណត់។ ក្នុងនោះអាជ្ញាធរក្រុង ស្រុក ត្រូវតាមដាន និងជួយគាំទ្រដល់អាជ្ញាធរឃុំ សង្កាត់ ភូមិ នៅក្នុងការបែងចែកអនុវត្តការងារនេះឲ្យមានប្រសិទ្ធិភាពខ្ពស់ ដោយអនុវត្តនូវវិធានការណ៍សរុប មធ្យោបាយសរុប កម្លាំងសរុប ជាពិសេស ប្រើប្រាស់កម្លាំងប្រជាការពារភូមិក្នុងការ ថែរក្សា ការពារសន្តិសុខ និងសណ្តាប់ផងដែរ ។
៧. អាជ្ញាធរខេត្តត្រូវណែនាំដល់អាជ្ញាធរក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ភូមិ ឲ្យសហការគ្នាបង្កើនសកម្មភាពបិទផ្សាយផ្ទាំងរូបភាព និងចាក់មេក្រូ ផ្សព្វផ្សាយសារសម្លេងអប់រំរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ នៅមូលដ្ឋានរៀងៗខ្លួន ជាពិសេស ភូមិ ឃុំ សង្កាត់ ដែលមានបង ប្អូនប្រជាពលរដ្ឋច្រើនដែលទើបនឹងត្រលប់មកពីក្រៅប្រទេសវិញ៕