ប្រមុខរាជរដ្ឋាភិបាល ប្រកាសអនុញ្ញាតឲ្យនាំចេញអង្ករក្រអូប តែត្រូវរក្សាស្រូវ និងអង្ករស ទុកសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលនៅតែអនុញ្ញាតឲ្យនាំចេញអង្ករស្រូវក្រអូបទៅក្រៅប្រទេស និងត្រូវរក្សាទុកស្រូវ និងអង្ករស សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ២៣ និង៥៩នាទី តទៅ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបែបនេះ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញថ្លែងសន្និសីទសារព័ត៌មាននៅវិមានរដ្ឋសភា។
ទន្ទឹមនឹងការប្រកាសផ្អាកនាំចេញអង្ករសទៅក្រៅប្រទេស លោកនាយករដ្ឋមន្ត្រី ប្រកាសថា អង្ករស្រូវក្រអូប នៅតែអាចនាំចេញទៅក្រៅប្រទេសបានជាធម្មតា។ លោកថា អង្ករស្រូវក្រអូប ជាប្រភេទអង្ករលេខ១ ហើយវាមិនមែនជាអ្វីដែលប្រជាពលរដ្ឋកម្ពុជា ត្រូវការនោះទេ ម្យ៉ាងវិញទៀត វាមានតម្លៃខ្ពស់ផងដែរ។ នាឱកាសនោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំព្រួយបារម្ភលើបញ្ហាខ្វះអង្ករហូបប្រចាំថ្ងៃ ដូច្នេះសូមក្រសួងកសិកម្មជំរុញការផលិតស្រូវ អង្ករក្នុងស្រុក ឱ្យបានច្រើន ដើម្បីឱ្យលើសពីតម្រូវការផ្គត់ផ្គងក្នុងស្រុកនោះជាការប្រសើរ៕
|