សម្ដេចក្រឡាហោម បន្ដថា ការពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យយុត្តិធម៌ តាមរយៈការពង្រឹងវិន័យ និងការបំពេញវិជ្ជាជីវៈរបស់មន្ដ្រីតុលាការ ព្រមទាំងការលើកកម្ពស់ការផ្ដល់សេវាយុត្តិធម៌នៅតាមសាលាជម្រះក្ដី ប្រកបដោយតម្លាភាព ធានាបាននូវយុត្តិធម៌តាមផ្លូវច្បាប់។
ប្រសាសន៍សម្តេច «ជំរុញការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ដើម្បីជួយកាត់បន្ថយការចង្អៀតណែននៅក្នុងពន្ធនាគារ ក៏ដូចជា ការផ្ដល់យុត្តិធម៌ឲ្យបានឆាប់រហ័សជូនដល់ប្រជាពលរដ្ឋ។ តាមការគ្រោងទុក ក្រសួងយុត្តិធម៌ នឹងបើកយុទ្ធនាការមួយ ដើម្បីដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្ដី នាពេលឆាប់ៗខាងមុខនេះ»។
សម្ដេចក្រឡាហោម បានបន្ថែមថា ក្រសួងយុត្តិធម៌ ត្រូវពង្រឹង និងលើកកម្ពស់កម្មវិធីជំនួយផ្នែកច្បាប់ និងយន្ដការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមរយៈការរៀបចំក្របខណ្ឌគោលនយោបាយ និងក្របខណ្ឌច្បាប់ ព្រមទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីបម្រើឲ្យយន្ដការនេះ ក្នុងគោលដៅកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមតុលាការ ព្រមទាំងពង្រឹងសុខដុមរមនីយកម្មនៅក្នុងសហគមន៍មូលដ្ឋាន៕
ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា