គ្រឿងញៀន បំផ្លាញជីវិតអ្នក និងគ្រួសារអ្នក !!! សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតបានថ្នាំញៀនមួយចំនួន
ខេត្តបាត់ដំបង ៖ នៅវេលាម៉ោង ៣:០០នាទីទៀបភ្លឺ ចូលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ សមត្ថកិច្ច ចុះប្រតិបត្តិការបង្រ្កាបមុខសញ្ញារក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង នៅចំណុចផ្លូវភ្លោះ ភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ និងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង័្សយ មានឈ្មោះ ប្រាក់ ពន្លឺ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិចំការ សំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងវត្ថុតាងចាប់យក រួមមាន ៖ ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ផ្លាស្ទិច ពណ៌សថ្លា សង្ស័យមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួន ០៤ថង់ មានទម្ងន់១៧០,៤៣ក្រាម, ទូរស័ព្ទចំនួន ០១គ្រឿង, ម៉ូតូចំនួន ០១គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ១ និងថង់សម្រាប់ច្រករំលែកថ្នាំញៀនមួយចំនួន។
ក្រោយពេលសាកសួរស្រាវជ្រាវ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង មន្ត្រីនគរបាលស្រុក បានបញ្ជូនមកកាន់ការិយាល័យជំនាញ ដេីម្បីចាត់ការតាមច្បាប់ ៕
|