កងកម្លាំងប្រដាប់អាវុធប៉ាគីស្ថាន បានបញ្ជាក់ថា ជនស៊ីវិលម្នាក់ឈ្មោះ Babar Hussain បានរងរបួសដោយសារការបាញ់ប្រហារមកពីភាគីឥណ្ឌា។
យោងតាមទិន្នន័យពីកងកម្លាំងប្រដាប់អាវុធប៉ាគីស្ថាន បានឱ្យដឹងថា ប្រទេសឥណ្ឌា បានរំលោភបទឈប់បាញ់ចំនួន ១.២៩៦លើក ក្នុងឆ្នាំ២០២០ ដែលបណ្តាលឱ្យជនស៊ីវិលស្លាប់ ៧នាក់ និងរងរបួស ៩៨នាក់។
កងទ័ពឥណ្ឌា បាននិយាយថា ប្រទេសប៉ាគីស្ថាន បានចាប់ផ្តើមបាញ់កាំភ្លើងត្បាល់ និងអាវុធផ្សេងទៀតនៅទីតាំងឥណ្ឌានៅ Tangdhar នៃតំបន់ Jammu និងស្រុក Kupwara របស់តំបន់ Kashmir ។
កាលពីថ្ងៃទី១១ ខែមិថុនា អ៊ីស្លាម៉ាបាដ បានកោះហៅអ្នកការទូតឥណ្ឌាម្នាក់ ដើម្បីធ្វើការតវ៉ាអំពីការរំលោភបទឈប់បាញ់មួយកាលពីថ្ងៃទី៩ ខែមិថុនា នៅតំបន់ Jandrot ដែលត្រូវបានចោទប្រកាន់ថា បានបង្កឱ្យជនស៊ីវិល ៤នាក់រងរបួស។
ម៉្យាងវិញទៀត ប្រទេសឥណ្ឌាបានចោទប្រកាន់ប្រទេសប៉ាគីស្ថានថា បានរំលោភបទឈប់បាញ់របស់ពួកគេចំនួន ២.០០០លើក ក្នុងរយៈពេល ៦ខែ។ អ្នកនាំពាក្យនៃក្រសួងការពារជាតិឥណ្ឌា លោក Col Devender Anand បាននិយាយថា មានការកើនឡើងគួរឱ្យភ្ញាក់ផ្អើលនៅក្នុងការរំលោភបទឈប់បាញ់ចាប់តាំងពីការផ្លាស់ប្តូរស្ថានភាពរបស់តំបន់ Jammu និងតំបន់ Kashmir ដែលគ្រប់គ្រងដោយឥណ្ឌា៕
(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)