- ១/ រូបរាង និងទម្រង់នៃនិមិត្តសញ្ញាសំគាល់ខេត្តរតនគិរី មានរាងមូល។
- ២/ រូបភ្នំ និងព្រៃព្រឹក្សានានា តំណាងឲ្យសណ្ឋានដី នៃទឹកដីខេត្តរតនគិរី ដែលសម្បូរដោយជួរភ្នំ ជ្រោះជ្រង ជ្រលងដងអូរជាច្រើនកន្លែង នៅតាមខ្សែបន្ទាត់ព្រំដែនជាមួយសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សាធារណរដ្ឋសង្គមនិយមវៀតណាម និងនៅតាមតំបន់ខ្ពង់រាបនានាក្នុងខេត្ត ដែលសម្បូរទៅដោយសម្បត្តិធម្មជាតិជាច្រើន ទាំងនៅលើដី ក្រោមដី និងក្នុងទឹក ព្រមទាំងដំណាំកសិកម្ម កសិ-ឧស្សាហកម្មគ្រប់ប្រភេទ ដែលជាសក្តានុពលដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅក្នុងខេត្តរតនគិរី។
- ៣/ រូបត្បូង តំណាងឲ្យភាពសម្បូរបែបនៃប្រភេទត្បូងនានា ដែលមានតម្លៃនៅក្នុងទឹកដីខេត្តរតនគិរី។ ហើយជាមួយនេះ កាំរស្មីដែលចាំងចេញពីត្បូងមានសរុបចំនួន ៥៩កង់ ជាតំណាងនូវឆ្នាំកំណើតរបស់ខេត្តរតនគិរី ដែលត្រូវបានបង្កើតឡើងនៅថ្ងៃអង្គារ ៩កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥០១ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៩៥៩ ព្រះហស្ថលេខាដោយ សម្តេចព្រះនរោត្តម សុរាម្រិត តាមសំណើរ របស់ឯកឧត្តម ផូ ព្រឿង ទេសរដ្ឋមន្រ្តីទទួលបន្ទុកក្រសួងមហាផ្ទៃ ដែលបានកាត់ចេញពីខេត្តស្ទឹងត្រែង។ ការបូកបញ្ចូលគ្នារវាងត្បូងដ៏មានតម្លៃ និងព្រៃភ្នំ បានបង្កើតអត្តន័យទៅជាឈ្មោះ របស់ខេត្ត គឺ «រតនគិរី»។
- ៤/ ផ្ទៃទឹកពណ៌ផ្ទៃមេឃនៅចំកណ្តាល គឺតំណាងឲ្យបឹងយក្ខឡោម ជាបឹងធម្មជាតិប្រវត្តិសាស្រ្ត ដែលកើតឡើងដោយបាតុភូតបន្ទុះភ្នំភ្លើង ហើយត្រូវបានជាប់ចំណាត់ថ្នាក់ទី១២ ដែលមានភាពស្រស់ស្អាតជាងគេនៅលើសកលលោក។ ម៉្យាងវិញទៀត ក៏តំណាងឲ្យទឹកជ្រោះ អូរ បឹង និងទន្លេសំខាន់ៗទាំងពីរដែលហូរឆ្លងកាត់ខេត្ត គឺទន្លេសេសាន និងទន្លេស្រែពក ដែលជាប្រភព និងជាសក្ដានុពលនៃធនធានធម្មជាតិ ជីវៈចម្រុះ និងមច្ឆាជាតិគ្រប់ប្រភេទ។
- ៥/ រូបមនុស្សប្រុស-ស្រី ដែលមានស្ពាយកាផា និងស្នាពីក្រោយ តំណាងឲ្យប្រជាពលរដ្ឋគ្រប់ជនជាតិ ជាពិសេសជនជាតិដើមភាគតិច ដែលមាន ៨អំបូរផ្សេងៗគ្នា កំពុងរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត ដោយប្រកាន់ខ្ជាប់នូវទំនៀមទំលាប់ ប្រពៃណី វប្បធម៌តាមអំបូរនីមួយៗនៅលើទឹកដីខេត្តរតនគិរី។
- ៦/ រូបគងនៅលើខឿនបីជាន់ ដែលនៅចំកណ្តាលនៃរូបសញ្ញា ជាតំណាងឲ្យអត្តសញ្ញាណដួងព្រលឹង របស់បងប្អូនជនជាតិដើមភាគតិចទាំងអស់ ដែលបានរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃនៅក្នុងខេត្តរតនគិរី។ គេប្រើប្រាស់គងនេះ ដើម្បីសំដែងនៅក្នុងពិធីបុណ្យទាននានាតាមទំនៀមទំលាប់ ប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិចដូចជា ពិធីបុណ្យភូមិ សែនអារក្ស ឬបុណ្យសពជាដើម។
- ៧/ រូបក្រឡាគោមព៌ណ ស-ខ្មៅ ដែលបានស្ថិតនៅខាងក្រោមនៃនិមិត្តសញ្ញា តំណាងឲ្យរចនាបទសិល្បៈ វប្បធម៌ និងប្រពៃណីដ៏ផូរផង់របស់បងប្អូនជនជាតិដើមភាគតិច ដែលគេច្រើនឆ្លាក់ក្បាច់ទាំងនេះនៅលើសម្ភារៈប្រើប្រាស់ ជញ្ជាំងផ្ទះ រោងភូមិ ក៏ដូចជាវត្ថុអនុស្សាវរីយ៍ជាដើម។
- ៨/ រូបក្បាច់ពណ៌លឿង រំលេចដោយផ្ការំដួលមួយទង ដែលបានផ្គុំទៅជារចនាបទផ្កាភ្ញីវល្លិ៍ ដែលមានទិសបំព្រួញឡើងលើនៅអមសងខាងនៃរូបនិមិត្តសញ្ញា មានលក្ខណៈស្រដៀងទៅនឹងការលើកដៃទាំងទ្វេ ដើម្បីសំពះប្រណមសុំឲ្យមានសេចក្ដីសុខ សេចក្ដីចម្រើនមានដល់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទូទៅ និងតំណាងឲ្យភោគផលកសិកម្មក្នុងខេត្ត ដែលមានប្រជាជនជាច្រើនរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃដោយពឹងផ្អែកលើវិស័យកសិកម្ម កសិ-ឧស្សហកម្មជាចម្បង ដើម្បីរួមចំណែកកិច្ចអភិវឌ្ឍន៍ និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។
- ៩/ ខ្សែបូរពណ៌ក្រហម ខៀវ និងរំលេចអក្សរជាឃ្លាថា “ខេត្តរតនគិរី” បង្ហាញពីអត្តសញ្ញាណជាតិសាសនា អង្គព្រះមហាក្សត្រ ដែលមានទឹកដី-ប្រជាជន និងឯករាជ្យ បូរណភាពទឹកដី និងឈ្មោះសំគាល់នៃខេត្តរតនគិរី។
អត្ថន័យពណ៌ ៖
- ១០/ ពណ៌មាស តំណាងឲ្យសុវណ្ណទ្រព្យ ពន្លឺភោគផលនៃទឹកដីអង្គរសុវណ្ណភូមិដ៏បវរនៃយើង។
- ១១/ ពណ៌ខៀវ តំណាងឲ្យទឹកដី។
- ១២/ ពណ៌ក្រហម តំណាងឱ្យជាតិគឺទឹកដី និងប្រជាជន ដើម្បីរួបរួមជាកម្លាំង ឆន្ទៈដ៏មោះមុតឯកភាពសាមគ្គីភាពក្នុងកិច្ចការពារបូរណភាពទឹកដី និងការរស់នៅរបស់ប្រជាជនដោយសុខដុមរមនា។
-១៣/ ពណ៌បៃតង តំណាងឲ្យការអភិវឌ្ឍន៍ រីកចម្រើន ស្រស់បំព្រង និងអភិរក្សធនធានធម្មជាតិបៃតងក្នុងខេត្តរតនគិរី ៕
ដោយ : ការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គម