សូមបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធទាំងនោះ រួមមាន ៖ អគារច្រកត្រួតពិនិត្យព្រំដែន សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ”ឃ្លាំង និងទីលានកុងទីន័រ” និងអគាររដ្ឋបាលជាដើម សាងសង់ដោយក្រុមហ៊ុន CM Grand Development Co.,Ltd & Tan Kim Eng Co.,Ltd និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុន Team Consulting Engineering and Management PLC ចំណាយថវិកាប្រមាណ ៨៣៥.២៥០.១៦៨បាត ក្រោមគម្រោងឥណទានទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង (NEDA) ចំណាយពេល ២៤ខែ គិតរហូតមកដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នេះ គម្រោងនេះសម្រេចបានប្រមាណ ៥%ហើយ។
ឯកឧត្ដមទេសរដ្ឋមន្ត្រី បានឱ្យដឹងថា ការអនុវត្តគម្រោងនេះមានការយឺតយ៉ាវរយៈពេល ២ខែ ធៀបនឹងកិច្ចសន្យា និងផែនការដែលបានកំណត់ ដោយសារកត្តាមេរោគកូវីដ១៩ និងរដូវភ្លៀង ប៉ុន្តែប្រធានក្រុមហ៊ុន សាងសង់បានប្តេជ្ញាបញ្ចប់គម្រោងនេះ ឱ្យចប់សព្វគ្រប់តាមកិច្ចសន្យា និងផែនការដែលបានគ្រោងទុក។
ជាមួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុនសាងសង់ថៃ ពន្លឿនការងារសាងសង់របស់ខ្លួន និងពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ ដើម្បីរិះរកនីតិវិធីបើកច្រកស្ទឹងបត់នេះជាបណ្ដោះអាសន្ន ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកព្រំដែន ប៉ុន្តែត្រូវបំពេញឯកសារពាក់ព័ន្ធនៅច្រកទ្វារព្រំដែនប៉ោយប៉ែត ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។
គួរកត់សម្គាល់ថា ការបើកច្រកព្រំដែនត្រង់ចំណុចស្ទឹងបត់-បានណងអៀន នេះនឹងបើកឱកាសយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ដែន ការបង្កើតការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរណ៍ សំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិនៃប្រជាជាតិទាំងពីរផងដែរ៕
ប្រភព ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន