ឯកឧត្តម បានបញ្ជាក់ថា បច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញ មានកន្លែងលក់ហ្គាស និងបញ្ចូលហ្គាសជាច្រើន ហើយកន្លែងខ្លះគ្មានស្តង់ដារបច្ចេកទេស បើប្រាស់ធុងហ្គាសចាស់ៗគ្មានគុណភាព ឬធុងស្តើង ដែលងាយបង្កហានិភ័យគ្រោះថ្នាក់ទាំងអ្នកបញ្ចូល និងអ្នកប្រើប្រាស់។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ក្រុមអាជីវករលក់ហ្គាសទាំងអស់ ត្រូវបញ្ឈប់ការទិញធុងហ្គាសចាស់ៗពីប្រទេសដទៃ ហើយយកមកបាញ់ថ្នាំ ដើម្បីប្រើប្រាស់បន្ត ដែលនេះគឺជាហានិភ័យគ្រោះថ្នាក់ខ្ពស់អាចបង្កឲ្យផ្ទុះធុងហ្គាស និងអគ្គិភ័យឆាប់ឆេះផ្ទះសម្បែង និងបាត់បង់អាយុជីវិតជាដើម។
«ដោយសង្កេតឃើញថា នៅរាជធានីភ្នំពេញសព្វថ្ងៃនេះ កន្លែងលក់ហ្គាសមួយចំនួន ពុំមែនតែកន្លែងលក់ហ្គាសទេ គឺមានទាំងផលិតហ្គាស និងសារធាតុគីមីផ្សំ ដែលអាចបង្កជាប្រភពកម្តៅ ប្រភពភ្លើងថែមទៀត» ព្រោះពេលចុះទៅកន្លែងផ្ទុះហ្គាស គឺឃើញមានថ្មស្អុយ ដែលជាសារធាតុផ្សំផលិតហ្គាស។
កិច្ចការងារនេះ គឺជាសន្តិសុខ សុវត្ថិភាព ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយបើកាលណាបង្កឲ្យកន្លែងលក់ហ្គាសអនាធិបតេយ្យកាន់តែច្រើន ហានិភ័យក៏កាន់តែខ្ពស់ចំពោះយើង ហើយយើងក៏ប្រឈមពេលជួយអន្តរាគមន៏ សង្គ្រោះ និងពន្លត់អគ្គិភ័យរួមទាំងស្ថានភាពច្រកផ្លូវតូចចង្អៀត និងដោយសារបញ្ហាចរាចរណ៍ ដូច្នេះយើងត្រូវតែយកចិត្តទុកដាក់ដោយស្មាតីទទួលខុសត្រូវខ្ពស់។
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍ថា បញ្ហាហ្គាស ឬការលក់សាំងដបនៅតាមចិញ្ចើមផ្លូវ ឬផ្ទះលក់ដូរគ្រឿងទេស ជាបញ្ហាប្រឈមផ្នែកសុវត្ថិភាព ដោយត្រូវបង្កើនការយកចិត្តទុកដាក់ លុបបំបាត់ឲ្យខាងតែបាន ខណៈដែលអគ្គិភ័យនានា តែងតែកើតឡើងច្រើននៅរាជធានីភ្នំពេញ កន្លងមកនេះ ហើយភាគច្រើនបណ្តាលមកពីការផ្ទុះធុងហ្គាសគ្មានបច្ចេកទេស៕