តាមសំដីរបស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ប្រពន្ធឈ្មោះ នាង សុធារី ហៅ(ការ៉ន) បានជិះម៉ូតូខាងលើមកផ្ទះម្ដាយលក់ឥវ៉ាន់ចាប់ហ៊ួយ ដើម្បីទិញសំណាញ់ត្រងកូនត្រី ដែលស្ថិតនៅក្នុងភូមិព្រះទន្លេ ឃុំសង្ឃ័រ ក្រុងស្វាយរៀង ខណៈដែលគាត់កំពុងតែវាស់សំណាញ់ ភ្លាមនោះ មានបុរសម្នាក់ ដែលមិនស្គាល់អត្តសញ្ញាណ បានចូលមក ហេីយយកកាំភ្លើងខ្លីភ្ជង់ប្អូនស្រីរបស់គាត់ ឈ្មោះ សោភា អាយុ១៨ឆ្នាំ ដែលជាម្ចាស់ផ្ទះលក់ឥវ៉ាន់ចាប់ហ៊ួយ គំរាមមិនឱ្យស្រែក ហើយយកម៉ូតូជិះចេញទៅបាត់ស្រមោលតែម្ដង។
ភ្លាមនោះ ប្អូនស្រីក៏ស្រែកឆោឡោថា ចោរៗ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ហេីយក៏បានធ្វើការដេញតាមពីក្រោយដែរ តែដេញមិនទាន់ដោយសារមានរថយន្តបាំងពីមុខ។
ក្រោយពេលកើតហេតុ ជនរងគ្រោះក៏បានទៅប្តឹងសមត្ថកិច្ចដើម្បីឲ្យជួយស្វែងរកជនសង្ស័យផងដែរ។ បច្ចុប្បន្ន កម្លាំងជំនាញកំពុងតែធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកជនសង្ស័យមកចាត់ការតាមនីតិវិធីច្បាប់ ៕