ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញការកត់សម្គាល់ថា បន្ទាប់ពីឆ្លងឆ្នាំសាកលរួចហើយ ប្រជាពលរដ្ឋមួយចំនួន បានចេញដើរកម្សាន្តទៅកាន់គោលដៅទេសចរណ៍នានាទូទាំងប្រទេស ខណៈប្រជាពលរដ្ឋមួយចំនួន ដែលបានចេញដើរកម្សាន្តនៅតាមបណ្តារាជធានី-ខេត្ត នាយប់ឆ្លងឆ្នាំ ក៏បានបន្តដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន ហើយចរន្តភ្ញៀវទេសចរ នឹងបន្តរហូតដល់ថ្ងៃអាទិត្យចុងសប្តាហ៍។
គោលដៅទេសចរណ៍នានា ពិសេសនៅតាមរណីយដ្ឋានទេសចរណ៍បានខិតខំអនុវត្តនូវប្រសាសន៍ណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ តាមរយៈការកំណត់សមត្ថភាពផ្ទុកអតិបរមា ស្របតាមស្តង់ដាគម្លាតសុវត្ថិភាព (១.៥០ម៉ែត្រ) ខណៈដែលកន្លែងខ្លះ នៅមិនទាន់បានអនុវត្តឲ្យបានពេញលេញនៅឡើយ ពិសេសគោលដៅទេសចរណ៍ដែលមានលក្ខណបើកចំហ និងការប្រមូលផ្តុំច្រើន ដូចជានៅមាត់សមុទ្រជាដើម។
ពាក់ព័ន្ធការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ជាទូទៅមានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេ សម្រាប់រយៈពេលពីរថ្ងៃកន្លងមកនេះ។ គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត នៅតែបន្តចាត់ក្រុមការងារចុះពិនិត្យ និងណែនាំភ្ញៀវទេសចរ និងអាជីវករក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងការពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជាដើម៕