សមត្ថកិច្ចខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនជាតិឡាវ ចំនួន ០២នាក់ និងរកឃើញថ្នាំញៀន (ICE) ចំនួន ៤១ដុំ
ស្ទឹងត្រែង ៖ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយមន្រ្តីអនុវត្តច្បាប់ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាប ករណីជួញដូរឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ក្នុងភូមិសាស្រ្តឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០២នាក់ ជាជនជាតិឡាវ។
តាមរបាយណ៍ការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ ជាជនជាតិឡាវបានហើយ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆាំ្ន២០២០ វេលាម៉ោង ០៩:១០នាទី កម្លាំងសមត្ថកិច្ច បាននាំជនសង្ស័យមកបង្ហាញទីតាំងលាក់គ្រឿងញៀន ដោយបានរកឃើញវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនម្សៅក្រាមពណ៌សថ្លា (ICE) ចំនួន ៤១ដុំ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កំពុងរៀបចំសំណុំឯកសារបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត និងស្វែងរកមុខសញ្ញាពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ការតាមនីតិវិធី ៕
|