ស្ថិតនៅក្នុងដំណាក់កាលដ៏លំបាក ចំពោះមុខនេះ លោកជំទាវ បានចាត់ទុក ការចូលរួមគៀងគររបស់ឯកឧត្តម លី ធុជ ជាមួយបងប្អូនខ្មែរនៅប្រទេសអូស្ត្រាលី គឺជាការលះបង់នូវកម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួន ក្នុងការស្វែងរកស្បៀង ដែលជាជំនួយសង្គ្រោះបឋម ដើម្បីមកជួយដល់ប្រជាពលរដ្ឋខ្មែរ ដែលបាននឹងកំពុងរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ នៅក្នុងអំឡុងពេលបិទខ្ទប់ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលនាពេលនេះ។ ម្យ៉ាងទៀត អំណោយសប្បុរសនេះ គឺបានឆ្លុះបញ្ចាំងឱ្យឃើញ អំពីការរួមសាមគ្គីគ្នា បើទោះជាបងប្អូនរស់នៅឯក្រៅប្រទេសក៏ដោយ តែនៅបានយកចិត្តទុកដាក់ក្នុងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋក្នុងកាលៈទេសៈដ៏លំបាកនេះ ។
ឆ្លៀងក្នុងឱកាសនោះ លោកជំទាវក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នាចូលរួម និងប្រុងប្រយ័ត្នឲ្យបានខ្ពស់ បើទោះបីជាបានទទួល ការចាក់វ៉ាក់សាំងទាំងពីរលើករួចរាល់ហើយក៏ដោយ ជាពិសេស សូមគោរពគោលការណ៍របស់ក្រសួងសុខាភិបាល និងវិធានរបស់រដ្ឋាភិបាល ៣ការពារ ៣កុំ ដើម្បីកាត់ផ្តាច់ការឆ្លងរីករាលដាល ដែលកើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ៕