អភិបាលខេត្តកណ្តាល ដឹកនាំមន្ត្រី ចុះត្រួតពិនិត្យទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ស្ថិតនៅក្នុងវិទ្យាល័យ វឌ្ឍនៈ ឈូង លាភ នៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ
កណ្តាល ៖ ដោយស្ថានភាព នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ មិនមានការថមថយពីមួយថ្ងៃ ទៅមួយថ្ងៃ តម្រូវការទីកន្លែងសម្រាប់ដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ មានការកើនឡើងឥតឈប់ឈរ នារសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត បានចុះត្រួតពិនិត្យទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ស្ថិតនៅក្នុងវិទ្យាល័យ វឌ្ឍនៈ ឈូង លាភ នៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា នៅក្នុងវិទ្យាល័យ វឌ្ឍនៈ ឈូង លាភ មានបរិស្ថានល្អ ធំទូលាយ ស្រលះមានភាពអំណោយផល ដល់ខ្យល់អាកាសចេញចូលគ្រប់គ្រាន់ ទីតាំងនេះពិតជាជាទីតាំងល្អ អ្នកជំងឺ និងបានឆាប់ជាសះស្បើយ ទោះជាយ៉ាងនេះក្តី ឯកឧត្តម ក៏សង្ឃឹមយ៉ាងមុតមាំថា បងប្អូន នឹងមិនចង់ក្លាយជាអ្នកជំងឺកូវីដ១៩ ហើយត្រូវមកសម្រាកព្យាបាលនៅទីនេះដែរទេ ដូច្នេះដើម្បីជៀសវាងក្លាយជាអ្នកជំងឺបន្ទាប់ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនមកព្យាបាលនៅទីនេះ សូមបន្តគោរពអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ការពារ និង៣កុំ ៕
|