សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការរដ្ឋបាល និងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន និងមិនត្រូវធ្វេសប្រហែសឡើយព្រោះថាជំងឺកូវីដ-១៩ នៅតែបង្កហានិភ័យខ្ពស់ដដែលនៅកម្ពុជាក៏ដូចជាពិភពលោកទាំងមូល បើទោះបីពេលនេះរាជរដ្ឋាភិបាលបានបញ្ចប់វិធានការបិទខ្ទប់នៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅ ខេត្តកណ្តាលយ៉ាងណាក្តី។
សម្តេចក៏បានលើកទឹកចិត្តដល់ពលរដ្ឋ ទៅទទួលវ៉ាក់សំាងការពារជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលផ្តល់ជូនដោយឥតគិតថ្លៃដើម្បីការពារខ្លួនឯង ក្រុមគ្រួសារ ក៏ដូចជាសហគមន៍ និងបង្កើតភាពស៊ាំក្នុងសហគមន៍ សំដៅការពារទប់ស្កាត់កុំឲ្យជំងឺដ៏កាចសាហាវនេះ យាយីសង្គមជាតិកាន់តែធ្ងន់ធ្ងរឡើង។
សម្តេច បានលើកឡើងថា ប្រទេសជាច្រើននៅលើពិភពលោក បានកំពុងជំរុញការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋរៀងៗខ្លួន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ និងដើម្បីឆាប់បានស្តារឡើងវិញនូវសង្គម និងសេដ្ឋកិច្ចជាតិ ពីវិបត្តិជំងឺរាតត្បាតនេះ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល អាជ្ញាធររាជធានីខេត្តទូទាំងប្រទេស កងកម្លាំងប្រដាប់អាវុធ ជាពិសេសក្រុមក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលបានដាក់ចេញវិធានការបន្តបន្ទាប់ ហើយបានខិតខំទប់ស្តាក់ការពារ គ្រប់មធ្យោបាយបានទាន់ពេលវេលាប្រកបដោយស្មារតីទទួលខុសត្រូវចំពោះសុខុមាលភាពប្រជាពលរដ្ឋ ដោយមិនគិតពីពេលវេលានិងការនឿយហត់នោះឡើយ។
សម្តេច ក៏បានកោតសរសើរផងដែរដល់សកម្មភាពមនុស្សធម៌នានា ដែលកើតឡើងយ៉ាងផលផុសនៅគ្រប់កន្លែង គ្រប់តំបន់ ដើម្បីជួយគ្នាទៅវិញទៅមកនៅគ្រាលំបាកនេះ ដែលជាវប្បធម៌និងប្រពៃណីដ៏ថ្លៃថ្នា ក្នុងសង្គមខ្មែរតាំងពីដើមមក៕