ប្រជាពលរដ្ឋចំនួន ៥៨០គ្រួសារ រងគ្រោះខ្យល់កន្ត្រាក់នៅស្រុករមាសហែក ទទួលអំណោយពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង
ស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង និងឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ចែកជូនដល់ប្រជាពលរដ្ឋចំនួន ៥៨០គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់បណ្តាលឲ្យខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិ និងអ្នកដែលរងរបួសដោយគ្រោះធម្មជាតិដែលស្ថិតក្នុងភូមិជីកដី ឃុំអណ្តូងត្របែក ភូមិក្រសាំង ឃុំក្រសាំង និងភូមិអន្សោង ឃុំជ្រៃធំ នៃស្រុករមាសហែក ខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ១២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ។
លោកជំទាវ ក៏បានការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ដែលសម្តេចបានខិតខំប្រឹងប្រែងបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំម្ងឺកូវីដ១៩ ក៏ដូចជាការជម្រុញឲ្យប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងបានគ្រប់ៗគ្នា ព្រមទាំងការគិតគូរអំពីការផ្តល់ស្បៀង និងជំនួយសង្គ្រោះបឋមនៅតំបន់បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល និងបានសំណូមពរឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការបម្រែបម្រួលអាកាសធាតុ និងគ្រោះធម្មជាតិជាដើម និងជាពិសេស ត្រូវគោរពតាមវិធានការណ៍របស់រាជរដ្ឋាភិបាល គឺ ៣ការពារ ៣កុំ ឲ្យបានជាប់ជាប្រចាំ។ អំណោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស និងថវិកាមួយចំនួន៕
|