នៅក្នុងពិធីប្រគល់នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសប្បុរសជនទាំងក្នុង និងក្រៅខេត្ត ដែលបានចូលរួមជាថវិកា និងសម្ភារៈដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត នាថ្ងៃនេះប្រកបដោយទឹកចិត្តមនុស្សធម៌។ ហើយសាខា នឹងបន្តយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗឲ្យបានទាន់ពេលវេលា។
លោកជំទាវបានបន្តទៀតថា ទោះបីឆ្នាំនេះសាខាមិនបានរៀបចំពិធីដើម្បីអបអរខួបទី ១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ដូចធ្លាប់បានធ្វើ ជារៀងរាល់ឆ្នាំក្តី សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នៅតែបន្តកៀងគរមូលនិធិ និងស្វាគមន៍ចំពោះ ការចូលរួមវិភាគទានថវិកា សម្ភារៈ ពីសំណាក់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាសប្បុរសជន នៅរាជធានីភ្នំពេញ តាមរយៈលោកជំទាវផ្ទាល់ ព្រមទាំងលោកជំទាវ ដួង វណ្ណា ក្នុងនាមប្រធាន កិត្តិយសសាខា និងឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្នាក់ខេត្តឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការ សាខា ។ ហើយការចូលរួមឧបត្ថម្ភគាំទ្រថវិកា និងសម្ភារ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង កន្លងមកក៍ដូចជាពេលនេះពិតជាមានសារៈសំខាន់ ដើម្បីឆ្លើយតបសេចក្តីត្រូវការចំពោះជនរងគ្រោះ និងងាយរងគ្រោះមហន្តរាយនៅក្នុងខេត្តបានទាន់ពេលវេលាផងដែរ៕