ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងបែបនេះនៅក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារជូននាយទាហានជាន់ខ្ពស់ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។
មេបញ្ជាការកងទ័ពជើងគោក បានកោតសរសើរបណ្តាស្ថាប័ន-កងឯកភាព ដែលកន្លងមកបានគ្រប់គ្រងកម្លាំងបានល្អ ដោយអនុវត្តវិធានការសុខាភិបាលបានយ៉ាងខ្ជាប់ខ្ជួន ធ្វើឱ្យអត្រានៃករណីឆ្លងនៅក្នុងជួរយោធិនរបស់យើងមានអត្រាទាប បើធៀបទៅនឹងសមាមាត្រនៃសន្ទុះនៃការរីករាលនៅទូទាំងប្រទេស។ ជាមួយគ្នានេះ ដោយហេតុថា ក្នុងរយៈកាលកន្លងមកនេះ កងទ័ពបានក្លាយជាកម្លាំងស្នូលមួយនៅក្នុងប្រតិបត្តិការអនុវត្តបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខ្ញុំក៏សូមណែនាំដល់បណ្តាស្ថាប័ន-កងឯកភាព បន្តយកចិត្តទុកដាក់ក្នុងកិច្ចការ និងភារកិច្ចចំពោះមុខដ៏សំខាន់ចាំបាច់នេះ តាមរយៈការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាលនៅក្នុងអង្គភាព ដើម្បីការពារកងកម្លាំងរបស់យើង និងគ្រួសារ ក៏ដូចជាសហគមន៍ និងត្រៀមខ្លួនបន្តចូលរួមជាមួយរាជរដ្ឋាភិបាល, អាជ្ញាធរដែនដីរាជធានី-ខេត្ត ក្នុងការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាបំផុត៕