ប្រមុខការទូតចិនរូបនេះ នឹងបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា រហូតថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។ ក្រៅពីការចូលបង្គំគាល់ព្រះមហាក្សត្រហើយនោះ លោក វ៉ាង យី ក៏នឹងជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
លោក វ៉ាង យី ក៏នឹងធ្វើជាសហប្រធានជាមួយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល អន្តររដ្ឋាភិបាលកម្ពុជា-ចិន លើកទី៧។ លោកក៏នឹងអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីផ្លាស់ប្តូរទស្សនៈអំពីការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ជិតស្និទ្ធ និងល្អប្រសើរដែលមានស្រាប់លើគ្រប់វិស័យ។
ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី នៅពេលនេះ ធ្វើឡើងស្របពេលនឹងការប្រារព្ធឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ហើយនឹងរួមចំណែកដល់ការពង្រឹងមិត្តភាពដែកថែប និងពង្រីក បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ លើកកម្ពស់ ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេស និងប្រជាជនទាំងពីរ។
លោក វ៉ាង យី ជាប្រមុខការទូតរបស់ចិន ដែលទស្សនកិច្ចនៅកម្ពុជាញឹកញាប់បំផុត។ លោកទើបនឹងបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ៕