លោក Geng បានគូសបញ្ជាក់ជាដដែលថា ហុងកុងគឺជាបញ្ហាផ្ទៃក្នុងរបស់ចិនសុទ្ធសាធ ដូច្នេះហើយទីក្រុងប៉េកាំងមិន អនុញ្ញាតឲ្យ កម្លាំងណាមួយពីខាងក្រៅមកលូកដៃជាដាច់ខាត។ ហេតុនេះ ចិនទទូចឲ្យភាគីអាមេរិក គោរពតាមច្បាប់អន្តរជាតិ អធិបតេយ្យភាពរបស់ចិន ហើយបញ្ឈប់ការព្យាយាមជ្រៀតជ្រែកបញ្ហានៅទីក្រុងហុងកុង ឬក៏គាំទ្រចលនាបាតុកម្មហិង្សា ដែលបន្តអូសបន្លាយអស់រយៈពេលជាច្រើនខែមកហើយនេះ ទៀតទៅ។
គួរបញ្ជាក់ផងដែរថា លោក Joshua Wong ដែលជាមេដឹកនាំចលនាបាតុកម្មនៅហុងកុង និងសកម្មជនហុងកុងមួយចំនួនទៀត កំពុងបន្តចំណាយពេលនៅសហរដ្ឋអាមេរិក ដើម្បីស្វែងរកការគាំទ្រសម្រាប់បុព្វហេតុតស៊ូ ដើម្បីលទ្ធិប្រជាធិបតេយ្យរបស់ពួកគេ នៅឯទីក្រុងហុងកុង៕ សសអក