លោក Pompeo អះអាងថា សហរដ្ឋអាមេរិក មិនចង់មានសង្រ្គាមជាមួយអ៊ីរ៉ង់ទេ
វ៉ាស៊ីនតោន ៖ កាលពីថ្ងៃអាទិត្យ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក មានបំណងចៀសវាងការធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់ និងការដាក់ពង្រាយទ័ពនៅក្នុងតំបន់ឈូងសមុទ្រ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានChannel News Asia នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ។
ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Fox News កាលថ្ងៃអាទិត្យ លោក Pompeo បានបន្ថែមថា គាត់មានទំនុកចិត្តថា ប្រធានាធីបតីសហរដ្ឋអាមេរិក លោក ដូណាលត្រាំ នឹងធ្វើសកម្មភាពណាមួយ ដើម្បីចៀសវាងសង្រ្គាមជាមួយអ៊ីរ៉ង់ ។
លោក បានបន្តថា “ការបញ្ជៀសសង្រ្គាមជាបេសកកម្មរបស់យើង”។ លោកបានបន្ថែមទៀតថា “កាលពីថ្ងៃសុក្រកន្លងទៅ សហរដ្ឋអាមេរិក បានបញ្ជូនទ័ពទៅកាន់តំបន់មជ្ឈិមបូព៌ាក្នុងគោលបំណង ដើម្បីរារាំង និងការពារ”។ លោក បានឲ្យដឹងទៀតថា ទីក្រុងវ៉ាស៊ីនតោន មានវិធានការ ដើម្បីរារាំងអ៊ីរ៉ង់ ប៉ុន្តែប្រធានាធីបតី ត្រាំ អាចនឹងធ្វើសកម្មភាពឆ្លើយតប ប្រសិនបើអ៊ីរ៉ង់ប្តូរឥរិយាបថរបស់ខ្លួន ។
គួរបញ្ជាក់ផងដែរថា ភាពតានតឹងរវាងទីក្រុង វ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បានកើនឡើងកាន់តែខ្លាំង បន្ទាប់ពីមានការវាយប្រហារទៅលើរោងចក្រផលិតប្រេងនៅភាគខាងកើតប្រទេសអារ៉ាប់ប៊ីសាអូឌីត ដោយយន្តហោះត្រូនកាលពីថ្ងៃសៅរ៍ ហើយសកម្មភាពនេះ ទីក្រុងវ៉ាស៊ីនតោន បានចេញមកអះអាងថា អ៊ីរ៉ង់ជាអ្នកនៅពីក្រោយរឿងនេះ ៕ សសអក
|