ឯកឧត្តម បន្តថា ក្រោយពីបានទទួលសំណាកក្លិន (VOC) អ្នកជម្ងឺកូវីដ១៩ ចំនួន ៤៨សំណាក ពីក្រុមការងារបច្ចេកទេស នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលសំណាកទាំង៤៨ បានឆ្លងកាត់ត្រួតពិនិត្យ PCR និងការបណ្តុះមេរោគ (Cell Culture) ដើម្បីធានាសុវត្ថិភាពសំណាកក្នុងការបម្រើការ ងារហ្វឹកហ្វឺន ក្រុមជំនាញសុនខស៉ីម៉ាក់ បានដំណើរការហ្វឹកហ្វឺនសុនខហិតក្លិនអ្នកផ្ទុកវីរុសកូវីដ១៩ នេះតាមផែនការ។
ឯកឧត្តម បញ្ជាក់ថា «សូមអបអរសាទរ ចំពោះសុនខ ក្រុមទី១ ចំនួន ៣ក្បាល ដែលបានហិតរកឃើញក្លិនសំណាកនៃអ្នកជម្ងឺកូវីដ១៩ ប្រកបដោយជោគជ័យក្នុងដំណាក់ កាលហ្វឹកហ្វឺនស្រាវជ្រាវបឋមនេះ។ រីឯសុនខក្រុមទី២ ចំនួន ៧ក្បាលទៀត កំពុងមានវឌ្ឍនភាពគួរឱ្យកត់សំគាល់។ ជាលក្ខណៈបច្ចេកទេស សុនខ អាចហិតរកឃើញក្លិនសំណាក ក្នុងរយៈពេលប្រមាណតែ ១០-១៥វិនាទី។ ការប្រើប្រាស់សុនខហិតអ្នកផ្ទុកវីរុសកូវីដ១៩ មានប្រសិទ្ធភាពសម្រាប់ហ្វូងមនុស្សប្រមូលផ្តុំច្រើន ដូចជាព្រលានយន្តហោះ ច្រកទ្វារអន្តរជាតិ និងពហុកីឡាដ្ឋានជាដើម»។
ឯកឧត្តម អគ្គនាយក បញ្ជាក់ថា ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសសុនខហិត រកអ្នកផ្ទុកវីរុសកូវីដ១៩នេះ ជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរិះរកគ្រប់មធ្យោបាយ និងលទ្ធភាពប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ។
ឯកឧត្តម បន្តថា ផ្អែកតាមអ្នកជំនាញមិន ទាន់មានភស្តុតាងផ្លូវការណាមួយបញ្ជាក់ថា មានការឆ្លងវីរុសកូវីដ១៩ ពីមនុស្សទៅសុនខឡើយ។
ឯកឧត្តម ហេង រតនា បានបន្តទៀតថា សុនខដែលទទួលការហ្វឹកហ្វឺនទាំងនេះ កើតនៅកម្ពុជា និងបានបង្វឹកដោយគ្រូជំនាញសុនខកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានអរគុណចំពោះក្រុមការងារបច្ចេកទេស នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលបានផ្តល់កិច្ចសហការ និងចូលរួមយ៉ាង សកម្មក្នុងការងារសិក្សាស្រាវជ្រាវនេះ៕