កម្ពុជាដ្បិតតែជាប្រទេសតូច ហើយស្ថានភាពសេដ្ឋកិច្ចនៅមានកម្រិតយ៉ាងណាក្តី តែស្មារតីនៃការចូលរួមក្នុងសហគមន៍ ធម៌មេត្តា និងមនោសញ្ចេតនាក្នុងការជួយរំលែកការលំបាកនានា មានលំហរធំទូលាយ ដែលជាវប្បធម៌ដ៏មហស្ចារ្យនៃជាតិសាសន៍នៅអាស៊ីមួយនេះ។កាលពីខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់ម៉ាស់ប្រមាណ ២លានម៉ាស់ និងបរិក្ខារពេទ្យមួយចំនួនទៅកាន់ប្រទេសមីយ៉ាន់ម៉ាផងដែរ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។ ក្រៅតែពីប្រទេសមីយ៉ាន់ម៉ា កម្ពុជា ក៏បានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយប្រទេសសមាជិកអាស៊ាន និងមិនមែនសមាជិកអាស៊ានមួយចំនួនទៀតផងដែរ។
ក្នុងនោះកាលពីខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ បានឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ និងម៉ាសចំនួន ១លាន ១សែនម៉ាស់ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿង ជូនទៅរដ្ឋាភិបាលវៀតណាម។ កាលពីឆ្នាំ២០២០ សម្តេចតេជោ ក៏បានឧបត្ថម្ភម៉ាស់ និងបរិក្ខារពេទ្យទៅកាន់ប្រទេសឡាវ នេប៉ាល់ និងទីម័រផងដែរ៕