លោកជំទាវបានបន្តទៀតថា ការប្រគល់នូវផ្លែមៀន (តាង៉ែន) នេះគឺស្របតាមការអំពាវនាវរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានបញ្ជាឱ្យនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជានាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ប្រមូលទិញផ្លែមៀន របស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបបញ្ហានាំចេញទៅក្រៅប្រទេស ដើម្បីចូលរួមដោះស្រាយ ជូនប្រជាកសិករ ដែលកំពុងជួបបញ្ហាទីផ្សារ។ លោកជំទាវក៏បានបន្តទៀតថា បើទោះបីជាស្ថានភាពឆ្លងក្នុងមួយរយៈពេល ចុងក្រោយនេះបានធ្លាក់ចុះយ៉ាងណាក៏ដោយ លោកជំទាវបានស្នើរឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀង ត្រូវបង្កើនការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តតាម វិធានការណ៍របស់ក្រសួងសុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាល ៣ការពារ៣កុំ ឲ្យមានប្រសិទ្ធិភាពខ្ពស់។
សូមបញ្ជាក់ថា ប្រជាកសិករមួយចំនួន បានត្អូញត្អែរអំពីការពិបាក នៅក្នុងការលក់កសិផលរបស់ខ្លួន ជាពិសេសផ្លែមៀន និងតាង៉ែនតែម្ដង ដែលដល់ពេលប្រមូលផលហើយ មិនអាចលក់ចេញបាន ដោយសារតែប្រទេសថៃ បានបិទមិនឲ្យនាំចូល ខណៈប្រទេសនេះ កំពុងរងការរាតត្បាត នៃជំងឺកូវីដ-១៩ និងរបាំងភូតគាមអនាម័យ។ ផ្លែមៀន (តាង៉ែន) ចំនួន ១០តោន ក៏ត្រូវបានប្រគល់ជូនដល់ ក្រុង-ស្រុកទាំង៨ មន្ទីរពេទ្យខេត្តស្វាយរៀង កងម្លាំងទាំងបីប្រភេទ និងមន្ទីរនានាជុំវិញខេត្តស្វាយរៀង ៕