ក្នុងពីធីនោះ លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ត្រូវបានផ្ទេរទៅកាន់តំណែងថ្មីជាអភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ។ ចំណែក លោក ជា ពិសី ដែលជាអភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ ត្រូវបានផ្ទេរមកកាន់តំណែងជាអភិបាលនៃគណៈអភិបាលខណ្ឌទួលគោកវិញ។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖មកដល់ពេលនេះ នៅមានខណ្ឌមួយចំនួន បាននឹងកំពុងលួចបើកក្លឹបកម្សាន្ត លួចបើកខារ៉ាអូខេ ជួបជុំផឹកស៊ី។ ដូច្នេះលោកស្នើឲ្យអាជ្ញាធរខណ្ឌទាំងអស់ ត្រូវខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់អោយបាននូវក្លឹបកម្សាន្ត និងខារ៉ាអូខេទាំងនេះ។
ឯកឧត្ដមបញ្ជាក់ថា យើងមិនត្រូវធ្វើការណែនាំទៀតទេ គឺត្រូវតែចុះទៅបង្ក្រាបតែម្ដង ដើម្បីឈានទៅដល់ការលុបបំបាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវីរុសបំលែងថ្មីប្រភេទដែលតានេះ និងដើម្បីឈានទៅបើកឡើងវិញនៅរាជធានីភ្នំពេញនិងនៅទូទាំងប្រទេស។
ឯកឧត្ដម ឃួង ស្រេង ក៏បានជំរុញឲ្យអភិបាលខណ្ឌទាំងអស់មានការធ្វើល្បាតនៅក្នុងមូលដ្ឋាន ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ ទប់ស្កាត់បទល្មើសនិងទប់ស្កាត់បាននូវការជួបជុំការផឹកស៊ី ដែលបង្កឲ្យមានហានិភ័យខ្ពស់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
បន្ថែមពីលើនេះទៀត ឯកឧត្ដមអភិបាលរាជធានី ក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌឫស្សីកែវ ពិសេស លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ ដែលត្រូវបានផ្ទេរតំណែងនៅព្រឹកនេះ ត្រូវខិតខំបំពេញការងាររបស់ខ្លួនឲ្យបានល្អប្រសើរ ពិសេស ទប់ស្កាត់ឲ្យបាននូវការហូរចូលមកវិញ នូវបែរត្រី នៅតាមដងទន្លេសាប ក្រោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានរៀបចំឲ្យមាន សណ្ដាប់ធ្នាប់ល្អប្រសើរហើយនោះ។
ជាងនេះទៀត ឯកឧត្ដម ឃួង ស្រេង ក៏បានជំរុញឲ្យអភិបាលនៃគណៈអភិបាលខណ្ឌទាំងពីរ អនុវត្តការងារ សន្តិសុខ សណ្ដាប់ធ្នាប់ ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឲ្យបានល្អប្រសើរ ដើម្បីឈានទៅទទួលនូវភាពជោគជ័យនៃការកាត់ផ្ដាច់ជំងឺកូវីដ-១៩នេះ។ ត្រូវធ្វើទំនាក់ទំនងគ្នា
ឲ្យបានល្អប្រសើរ រវាងក្រុមប្រឹក្សានិងគណៈអភិបាល ជាមួយនិងការខិតខំធ្វើការ ដោះស្រាយទំនាស់ដីធ្លី និងទប់ស្កាត់អោយបាននូវទំនាស់ដីធ្លីដែលកើតឡើងថ្មីទៀត។
លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវថ្មីក្នុងឱកាសនោះ ក៏បានធ្វើការប្តេជ្ញាចិត្ត ដោយគាំទ្រសម្តេចតេជោហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីគ្រប់អាណត្តិ, សាមគ្គីភាពផ្ទៃក្នុងអោយបានល្អ ដើម្បីបំពេញការងារ និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវអោយកាន់តែរីកចំរើនមួយកម្រិតថែមទៀត៕
ប្រភព ៖ រដ្ឋបាលរាជធានីភ្នំពេញ