«ខ្ញុំសូមបញ្ជាក់ជូន លោកជំទាវរដ្ឋមន្ត្រី មេត្តាជ្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាវីរៈបុរសខ្មែរមួយរូប ដែលបានដឹកនាំការតស៊ូបញ្ចប់សង្គ្រាមជាង២ទសវត្ស និងបាននាំមកនូវសន្តិភាពពេញលេញ ឯកភាពទឹកដីបរិបូរណ៍ សេចក្តីសុខសាន្ត និងវិបុលភាព ជូនប្រជាជន កម្ពុជា និងប្រទេសកម្ពុជា»។ នេះបើតាមការបញ្ជាក់ក្នុងលិខិត លោក កើត រិទ្ធ។
លោកបានបញ្ជាក់ទៀតថា «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានសញ្ជាតិខ្មែរតែមួយគត់ និងធ្លាប់ប្រកាសជាសាធារណៈជាច្រើនលើកច្រើនសាចំពោះមុខប្រជាជនកម្ពុជា នូវគោលជំហរនយោបាយឥតងាករេ គឺ “រួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា ហើយដាច់ខាតមិន រត់ចោលប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឡើយ ទោះបីក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ”។ ដោយទទួលបានការគោរពដ៏ខ្ពង់ខ្ពស់ និងការស្រឡាញ់ដ៏ជ្រាលជ្រៅ ពីសំណាក់ប្រជាជនកម្ពុជា, ការផ្សព្វផ្សាយព័ត៌មានមិនពិត និងបំផ្លើស ខាងលើនេះចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល»។
ក្រសួងយុត្តិធម៌កម្ពុជា បានបញ្ជាក់ទៀតថា អាស្រ័យហេតុនេះ ក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា សូមស្នើសុំកិច្ចសហការពី លោកជំទាវរដ្ឋមន្ត្រី មេត្តាស្រាវជ្រាវជុំវិញការចោទប្រកាន់បំផ្លើសការពិតចំពោះនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថា មានលិខិតឆ្លងដែននៃសាធារណរដ្ឋស៊ីប ឬមានសញ្ជាតិស៊ីប ដូចដែលសារព័ត៌មានខាងលើបានផ្សព្វផ្សាយ ដើម្បី បញ្ជាក់ឱ្យឃើញការពិតឱ្យបានច្បាស់លាស់ជូនដល់សាធារណជន និងប្រជាជនកម្ពុជាទាំងមូល ក៏ដូចជា ដើម្បី ធានារក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕