ពិធីនៅព្រះបរមរាជវាំងនេះ មានការអញ្ជើញចូលរួមដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំជាឥស្សរជនជាន់ខ្ពស់មួយចំនួនទៀត។
ចំណែកមន្ត្រីតាមបណ្តាក្រសួងស្ថាប័ននានា ក៏បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នាមណ្ឌប សួនច្បារខាងកើតវិមានឯករាជ្យផងដែរ។ ក្រៅពីនោះ នៅតាមបណ្តាខេត្តនានា អាជ្ញាធរក៏បានរៀបចំគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នៅក្នុងសាលាខេត្តរៀងៗខ្លួន។
ប្រជាពលរដ្ឋខ្មែរគ្រប់រូប នៅតែចងចាំជាប់មិនអាចបំភ្លេចនូវស្នាព្រះហស្ថ ព្រះបរមរតនកោតដ្ឋ គឺព្រះអង្គយាងបំពេញព្រះរាជបូជនីយកិច្ច យ៉ាងអង់អាចក្លាហានក្នុងការទាមទារ និងដណ្តើមសិទ្ធិសេរីភាព ជូនប្រជាពលរដ្ឋខ្មែរ ពីនឹមអនាគមបារាំងរហូតទទួលបានជោគជ័យនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣៕