បើទោះបីជាមានបទបញ្ជាអោយបិទដោយផ្ទាល់ ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ យ៉ាងណាក៏ដោយ ។
សូមរំលឹកផងដែរថា បើយោងតាមលិខិតលេខ ០៦៥/២០ ស.ស.រ ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីសម្រេច ស្ដីពី ការបង្កើតគណៈកម្មការទប់ស្កាត់ការដឹកជញ្ជូននាំចូលសត្វរស់ និងផលិតផល មានដើមកំណើតពីសត្វ និងទំនិញគ្រប់មុខ ដែលលួចនាំចូលតាមច្រករបៀង ក្នុងភូមិសាស្ត្រក្រវ៉ាត់ព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ ដោយគ្មានការអនុញ្ញាត។
បើទោះជាយ៉ាងនេះក្ដី (សារព័ត៌មានពីរអង្គភាពខាងលេី) នៅតែឃើញមានការនាំចូលសត្វ ទា មាន់ ជ្រូក និងទំនិញគ្រប់ប្រភេទ ត្រូវបានក្រុមឈ្មួញបន្តដឹកយកទៅលក់ជារៀងរាល់ថ្ងៃយប់ បានដោយរលូនដដែល ដោយមិនរំខានដល់សមត្ថកិច្ចជំនាញពាក់ព័ន្ធប្រចាំការនៅទីនោះទេ។
សូមបញ្ជាក់ថា ថ្មីៗកន្លងមកនេះ បន្ទាប់ពីប្រទេសវៀតណាម កំពុងផ្ទុះជម្ងឺផ្ដាសាយបក្សី លោក វេង សុខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានចេញសារណែនាំ ដាក់ចេញវិធានការ ៩ចំណុច ដើម្បីទប់ស្កាត់ជម្ងឺគ្រុនផ្ដាសាយបក្សី បន្ទាប់ពីជម្ងឺនេះ ផ្ទុះឡើងនៅខេត្តត្រាវិញខាងត្បូង របស់វៀតណាម។ និងយោងតាមសារាចរណែនាំស្ដីពីវិធានការទប់ស្កាត់ជម្ងឺផ្ដាសាយបក្សី របស់ក្រសួងកសិកម្ម ចេញកាលពីថ្ងៃទី១៨ កុម្ភៈ ២០២០ កន្លងមក ដែលក្នុងសារាចរណែនាំនោះ លោក វេង សុខុន ថា ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺផ្ដាសាយបក្សី អោយកាន់តែមានប្រសិទ្ធិភាពខ្ពស់ តាមរយៈការចរាចរបក្សី និងផលិតផលពីបក្សី នាំចូលពីប្រទេសជិតខាង ក្រសួងបានណែនាំដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ, មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី-ខេត្ត ជាពិសេសខេត្តជាប់ព្រំដែនប្រទេសកម្ពុជា ត្រូវយកចិត្តទុកដាក់ទប់ស្កាត់ និងបង្រ្កាប ការនាំចូលសាច់សត្វបក្សីអោយខានតែបាន។
ពាក់ព័ន្ធករណីខាងលើនេះ មហាជនកំពុងបន្តចាំមើលថា តើ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាគណៈមេបញ្ជារការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ មានវិធានការណ៍យ៉ាងណាបន្ត បើស្ថាប័នមួយចំនួន ដែលពាក់ព័ន្ធក្នុងខេត្ត កំពុងចាត់ទុកបទបញ្ជាររបស់ឯកឧត្តម សាបដូចទឹកទន្លេយ៉ាងដូច្នេះនោះ? ។
ជុំវិញករណីខាងលើ សារព័ត៌មានយើង មិនអាចសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការយោធាកងការពារព្រំដែនលេខ៥០៣ បានទេ ដោយខលចូលហើយ គ្មានអ្នកទទួល រីឯលោក ហ៊ុយ ទូច ប្រធានបសុពេទ្យសត្វខេត្តបន្ទាយមានជ័យ បានឲ្យដឹងតាមទូរស័ព្ទថា ការនាំចូលសត្វទាំងនោះ សុទ្ធតែមានច្បាប់ត្រឹមត្រូវ និងមានការត្រួតពិនិត្យច្បាស់លាស់ តែផ្ទុយទៅវិញនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈនេះ ឃើញមានសត្វទាស្លាប់ និងមានជំងឺទន់ជើង ទន់ស្លាបជាច្រើន នៅចំណុចដើមពុទ្រាអូរបីជាន់ ពេលអ្នកសារព័ត៌មានរាយការណ៍ត្រង់ចំណុចមួយនេះ បែរជាប្រធានបសុពេទ្យសត្វខេត្ត គាត់សើចទៅវិញ មិនគិតពីសុខភាពបងប្អូនប្រជាពលរដ្ឋខ្មែរសោះ។ ហើយអង្គភាពយើង ចុះផ្សាយទៅនេះ ធ្វើការរិះគន់ ក្នុងន័យស្ថាបនា មិនមែនរិះគន់ជាន់ពន្លិច ឬក៏ញុះញ៉ង់បុគ្គលអោយរេីសអើងឡើយ ហើយសារព័ត៌មានយើង រងចាំបកស្រាយបំភ្លឺពីសាមីជនដែលពាក់ព័ន្ធឡើងវិញ រៀងរាល់ម៉ោងធ្វើការ៕
ប្រភព : សារព័ត៌មានកូននាគអាស៊ី