cdpdaily.com
cdpdaily.com
ទំព័រដើម
  • ព័ត៌មាន​ជាតិ
  • អន្តរជាតិ
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ទំនាកទំនង
  • អំពីពួកយើង
   គេហទំព័រ ចក្រវាឡ ដេលីប៉ុស្ត៍
វៀតណាម​ ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងកូវីដ-១៩​ របស់ខ្លួន​ លើអ្នកស្ម័គ្រចិត្ត
CNA​ ៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម​ កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា វ៉ាក់សាំងកូវីដ-១៩​ ដំបូងបង្អស់របស់ប្រទេសវៀតណាម​ ដែលមានឈ្មោះសម្គាល់ថា ណាណូកូវ៉ាក់​ (Nanocovax) បានទទួលការអនុម័តឲ្យធ្វើតេស្តសាកល្បងជាផ្លូវការលើរាងកាយអ្នកស្ម័គ្រចិត្តចំនួន ០៣នាក់។
សូមជម្រាបថា វ៉ាក់សាំងកូវីដ-១៩ ឈ្មោះ ណាណូកូវ៉ាក់ (Nanocovax) ដែលត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថ ណាណូចេន (Nanogen) របស់វៀតណាមខាងលើនេះ គឺជាវ៉ាក់សាំងកូវីដ-១៩​ ដំបូងបង្អស់របស់ប្រទេសវៀតណាម ដែលបានឈានដល់ដំណាក់កាលធ្វើតេស្តសាកល្បងលើរាងកាយមនុស្ស។
មន្ត្រីសុខាភិបាលវៀតណាម​ បានលើកឡើងថា វ៉ាក់សាំង ណាណូកូវ៉ាក់​ (Nanocovax) ខាងលើនេះ គ្រោងនឹងធ្វើតេស្តសាកល្បងលើអ្នកស្ម័គ្រចិត្តចំនួន ៦០នាក់ ដែលមានអាយុចន្លោះពី ១៨ ទៅ ៥០ឆ្នាំ នៅក្នុងដំណាក់កាលដំបូងនៃការធ្វើតេស្តសាកល្បងលើមនុស្សនេះ។
 
ជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មានវៀតណាម ក៏បានបញ្ជាក់ផងដែរថា ប្រសិនបើការធ្វើតេស្តសាកល្បង​នេះ ទទួលបានលទ្ធផលល្អ នោះក្រុមហ៊ុនផលិតឱសថរបស់វៀតណាមខាងលើ គ្រោងចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងនេះជូនប្រជាពលរដ្ឋវៀតណាមនៅខែឧសភា ឆ្នាំ ២០២១ខាងមុខ។
 
គួរឲ្យដឹងថា ខណៈដែលប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន​ បាននឹងកំពុងធ្វើការទាក់ទងជាមួយប្រទេសអ្នកមាន​ ដើម្បីទទួលបានការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩​ ក្នុងតម្លៃសមរម្យនោះ ក្រុមហ៊ុនផលិតឪសថវៀតណាម​ បានខ្នះខ្នែងធ្វើការអភិវឌ្ឍវ៉ាក់សាំងក្នុងស្រុកដោយខ្លួនឯង ហើយគេរំពឹងថា​ វ៉ាក់សាំងដែលផលិតក្នុងស្រុក​ នឹងចំណាយប្រមាណ ៥ដុល្លារប៉ុណ្ណោះក្នុងមួយដូស។
 
សូមបញ្ជាក់ជូនថា យោងតាមទិន្នន័យផ្លូវការរបស់គេហទំព័រ Worldometers បានឲ្យដឹងថា គិតមកទល់ពេលនេះ ប្រទេសវៀតណាម​ ដែលមានប្រជាជនសរុប ៩៦លាននាក់ បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩​ នៅទូទាំងប្រទេសចំនួន ១,៤០៥ករណីហើយ ដោយក្នុងនោះ​ មានអ្នកស្លាប់ចំនួន ៣៥នាក់ និងមានអ្នកជាសះស្បើយចំនួន ១,២៥២នាក់៕
   ផ្សាយពាណិជ្ជកម្ម
   Find us on Facebook
MSR SPORT
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright 2019 - CDP Daily, www.cdpdaily.com, Developed by than.dara18@gmail.com