អ្នកវិទ្យាសាស្ត្រអង់គ្លេស ៖ «កុមារអាចនឹងងាយឆ្លង វីរុសកូវីដ-១៩ ទម្រង់ថ្មី, ការសិក្សាអំពីវីរុសនេះ កំពុងបន្តនៅឡើយ»
(ក្រុងឡុងដ៍) ៖ ក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេស នៅដើមសប្តាហ៍នេះ បានពន្យល់ថា វីរុស COVID-19 ទម្រង់ថ្មី ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័ស នៅចក្រភពអង់គ្លេស អាចនឹងធ្វើឲ្យកុមារងាយឆ្លងដូចមនុស្សពេញវ័យដែរ ខុសពីវីរុសប្រភេទមុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអាង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០។
នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ ក្រុមអ្នកវិទ្យាសាស្ត្រមកពីក្រុមប្រឹក្សារដ្ឋ ឆ្លើយតបការគំរាមគំហែងនៃវីរុសប្រភេទថ្មីនេះ ហៅកាត់ថា ណឺវថេច (NERVTAG) របស់អង់គ្លេស បានបញ្ជាក់ថា វីរុសទម្រង់ថ្មីនេះ បាននឹងកំពុងគ្របដណ្តប់ នៅភាគខាងត្បូងនៃចក្រភពអង់គ្លេស ហើយឆាប់ៗនេះអាចនឹងរីករាលដាល នៅទូទាំងប្រទេសក៏ថាបាន។ លោក ភីតធើ ហូរប៊ី (Peter Horby) សាស្ត្រាចារ្យផ្នែកជំងឺឆ្លងនៃសាកលវិទ្យាល័យ Oxford និងជាប្រធាន NERVTAG បានអះអាងថា «ឥឡូវនេះវីរុសប្រភេទថ្មីនេះ អាចឆ្លងលឿនជាងវីរុសប្រភេទមុន»។
ទន្ទឹងគ្នានេះ លោក ណេល ហ្វឺហ្គឹសុន (Neil Ferguson) សាស្រ្តាចារ្យផ្នែកជំងឺឆ្លងនៃសាកលវិទ្យាល័យ អ៉ីមភើរៀល ខូលឡេច ទីក្រុងឡុងដ៍ (Imperial College London) និងជាសមាជិក NERVTAG ក៏បានលើកឡើងដែរថា «យើងមានតម្រុយថា វីរុសថ្មីនេះ មានទំនោរឆ្លងខ្ពស់ នៅក្នុងចំណោមកុមារ។ យើងមិនទាន់កំណត់អំពីដើមចម និងផលប៉ះពាល់នៅឡើយទេ ប៉ុន្តែយើងនឹងពិនិត្យមើលទិន្នន័យដែលយើងមាន ហើយយើងក៏នឹងត្រូវប្រមូលទិន្នន័យបន្ថែមទៀត ដើម្បីកំណត់ពីឥរិយាបថ របស់វីរុសប្រភេទថ្មីនេះផងដែរ»។
បន្ថែមពីលើនេះ លោកស្រី វិនឌី បាក្លេយ (Wendy Barclay) អ្នកជំនាញផ្នែកវីរុសនៃសាកលវិទ្យាល័យ Imperial College London និងជាសមាជិកមួយរូបដែររបស់ NERVTAG បានកត់សម្គាល់ទៀតថា «នៅក្នុងចំណោមបម្រែបម្រួលនៃវីរុសប្រភេទថ្មី គឺការផ្លាស់ប្តូរពីរបៀបដែលវាឆ្លង ចូលទៅក្នុងកោសិការបស់មនុស្ស ដែលប្រការនេះមានន័យថា កុមារប្រហែលជាអាចងាយឆ្លងវីរុសថ្មីនេះ ដូចមនុស្សពេញវ័យដែរ។ ដូច្នេះហើយ ទើបយើងរំពឹងថា នឹងឃើញកុមារជាច្រើនអាចឆ្លងវីរុសថ្មីនេះ»។
គួរបញ្ជាក់ថា ការរកឃើញទម្រង់ថ្មីនៃវីរុស SARS-CoV-2 ឬ COVID-19 ដែលក្រុមអ្នកវិទ្យាសាស្ត្រជឿថា អាចឆ្លងលឿនជាងមុនរហូតដល់ទៅ ៧០ភាគរយ បានជំរុញឲ្យប្រទេសមួយចំនួន ជាពិសេសនៅតំបន់អឺរ៉ុប សម្រេចបិទព្រំដែនភ្លាមៗ ជាមួយចក្រភពអង់គ្លេស និងបានរុញច្រានតំបន់ធំៗជាច្រើននៅក្នុងប្រទេស ដាក់ចេញនូវវិធានការរឹតត្បិតតឹងរ៉ឹងជាងមុន នៅកំឡុងថ្ងៃបុណ្យណូអែល ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ៕
|