គួរកត់សម្គាល់ថា ៖ បច្ចុប្បន្ននេះ កម្ពុជាកំពុងមានការខ្វះខាតអ្នកបើកបររថយន្តដឹកអ្នកដំណើរធុនតូច-ធុនធំ រថយន្តសណ្តោង ធុនស្រាល និងរថយន្តសណ្តោងធុនធ្ងន់ដែលបានចុះបញ្ជីតាំងពីឆ្នាំ១៩៩០-២០២០ មានចំនួនសរុប ៣២៥.៥០៨គ្រឿង ចំនួនអ្នកមានបណ្ណបើកបររថយន្តប្រភេទ D1, D2, BE, CE មានចំនួន ២១.៨៦៤០បណ្ណ ស្មើនិង ៦៧% នៃចំនួនប្រភេទរថយន្តខាងលើ ដែលបានចុះបញ្ជី ចំពោះរថយន្តដឹកទំនិញធុនធ្ងន់ ក្បាលសណ្តោងគ្រឿងចក្រ និងប្រភេទរថយន្តធុនធ្ងន់មួយចំនួនទៀត ដែលតម្រូវឱ្យមានបណ្ណបើកបរ ប្រភេទ C ដែលបានចុះបញ្ជីមានចំនួន ១០៥.៩០៣គ្រឿង ក្នុងនោះចំនួនអ្នកមានបណ្ណបើកបររថយន្ត ប្រភេទ C មានចំនួន ៨៤.៩០០បណ្ណ ស្មើនិង ៨០% នៃចំនួនប្រភេទរថយន្តខាងលើដែលបានចុះបញ្ជី។
យោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៩ ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានចំនួន ២.១៥២នាក់ ក្នុងនោះអ្នកស្លាប់ដោយសាររថយន្តធុនធ្ងន់បង្ករមានចំនួន ១៨១នាក់ ស្មើនិង ៨,៤% រថយន្តដឹកអ្នកដំណើរធុនធ្ងន់ ៥០,២៧%ស្មើនិង ៩១នាក់ និងរថយន្តដឹកទំនិញធុនធ្ងន់ ៤៩,៧២% ស្មើនឹង ៩០នាក់)។ បើប្រៀបធៀបជាមួយចំនួនអ្នកស្លាប់ដោយសាររថយន្តធុនធ្ងន់បង្ករ (ស្លាប់១៤៧នាក់) នៅឆ្នាំ២០១៨ គឺមានការកើនឡើង ៣៤នាក់។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធ្ងន់ថ្មីនេះ នឹងមានការបញ្ចុះតម្លៃចំនួន ៥០% សម្រាប់អ្នកដែលមកចុះឈ្មោះចូលរៀនមុនគេបង្អស់ចំនួន ៥០នាក់ ចំណែកថ្លៃសិក្សាធម្មតាមានចំនួន ៣៥០ដុល្លារ ជាតម្លៃសេវាសាធារណៈរបស់រដ្ឋ ហើយការបង្រៀនទ្រឹស្តីមានរយៈពេល ៣០ម៉ោង និងបង្រៀនដៃចង្កូត ២០ម៉ោង ស្របតាមស្តង់ដាជាតិ និងអន្តរជាតិ។ ទំនាក់ទំនងចុះឈ្មោះ តាមទូរសព្ទលេខ : 092719106 / 012437676
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តថា ៖ ការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលបណ្តុះបណ្តាល បើកបរយានយន្តធុនធ្ងន់ថ្មីនេះ គឺជាសមិទ្ធផលថ្មីមួយទៀតដែលអាចផ្ដល់សេវាសាធារណៈដល់បងប្អូនប្រជាពលរដ្ឋយើងបានលឿន មានប្រសិទ្ធភាព និងតម្លាភាពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឲ្យមន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទពិចារណា លើការដកអាជ្ញាបណ្ណបណ្តុះបណ្តាលបើកបរយានយន្ត ដែលបានចេញទៅឱ្យក្រុមហ៊ុនទាំងឡាយ ដែលមិនបានធ្វើប្រតិបត្តិការរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគោរពច្បាប់ ចរាចរណ៍ទាំងអស់គ្នាដើម្បីចូលរួមកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ដែលធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិជាតិ ទ្រព្យសម្បត្តិឯកជន ដែលមានតម្លៃប៉ាន់ស្មានប្រមាណ ៣៥០លានដុល្លារ ក្នុងមួយឆ្នាំ និងបានវាយតម្លៃខ្ពស់ ចំពោះការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋជាមួយរដ្ឋាភិបាល ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំណូមពរដល់ក្រុមហ៊ុនដឹកជញ្ជូនកុំកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស នាំឲ្យគ្រោះថ្នាក់ចរាចរណ៍ និងសូមកុំដឹកទំនិញលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ធ្វើឱ្យផ្លូវឆាប់ខូច ដោយបានលើកឡើងនូវរូបមន្តដូចតទៅនេះ ៖ ឧទាហរណ៍ច្បាប់អនុញ្ញាតឲ្យដឹក ៣០តោន ប៉ុន្តែយើងដឹក ៤០តោន លើស ១០តោន នោះគេយក ១០ គុណនិង ១០ ស្មើនិង ១០០ យក ១០០ គុណនិង ១០ ស្មើ ១.០០០ យក ១.០០០ គុណនិង ១០ ស្មិនឹង ១០.០០០ ដូច្នេះឡានមួយគ្រឿង ដែលដឹកទំនិញលើស ១០តោន ស្មើនិងឡាន ១០.០០០គ្រឿង ដឹកទំនិញលើផ្លូវយើង។
ជាងនេះទៅទៀត បើមានឡានដឹកលើសទម្ងន់ ៣០តោន គេយក ៣០ គុណនិង ៣០ ស្មើនិង ៩០០ យក ៩០០ គុណនិង ៣០ ស្មើនិង ២៧.០០០ យក ២៧.០០០ គុណនិង ៣០ ស្មើនិង ៨១០.០០០ ដូច្នេះឡានមួយគ្រឿង ដឹកទំនិញលើស ៣០តោន វាស្មើនឹងឡាន ៨១០.០០០០គ្រឿង បើកលើផ្លូវយើង។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះលោកឧកញ៉ា ប៉ាង ណាំ ដែលបានសហការយ៉ាងល្អជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ជាពិសេស ជាមួយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្នុងការរៀបចំឱ្យមានមជ្ឈមណ្ឌលពន្យារ និងប្ដូរបណ្ណបើកបរ នៅផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ ការរៀបចំធ្វើបណ្ណបើកបរថ្មីមាន QR Code និងផ្លាកលេខឡានមាន QR Code ជាដើម ៕