មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា បានបញ្ជាក់ថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានបង្កនូវផលលំបាកដ៏ធ្ងន់ធ្ងរដល់សង្គមជាតិ ដោយបានបំផ្លាញ ទាំងទ្រព្យសម្បត្តិ ទាំងអាយុជីវិត និងបន្សល់ទុកនូវជនរងគ្រោះ ជនពិការ ក្មេងកំព្រារ ស្ត្រីម៉េម៉ាយ គ្រួសារក្រីក្រ។ល។ បញ្ហានេះ បានទាក់ទាញនូវការយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយនូវ អត្រាគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការបង្កើតគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គោលនយោបាយ និងផែនការសកម្មភាពជាតិទស្សវត្តសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល ១០ឆ្នាំ ហើយការផ្សព្វផ្សាយនាពេលនេះ ក្នុងគោលបំណងអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវពាក់មួកសុវត្ថិភាព ឲ្យបានគ្រប់ៗគ្នា ទាំងអ្នកបើកបរ និងអ្នករួមដំណើពីក្រោយគ្រប់ពេលវេលា ដែលធ្វើចរាចរណ៍តាមដងផ្លូវតាមរយៈម៉ូតូ ដើម្បីធានាសុវត្ថិភាព កុំឲ្យមានរបួសក្បាល បណ្តាលឲ្យស្លាប់ បើគ្មានមួកសុវត្ថិភាព កុំបើកបរ និងជិះពីក្រោយ។ ត្រូវគោរពច្បាប់ ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន កុំបើកបរហួសល្បឿនកំណត់ និងត្រូវបំពេញលក្ខខណ្ឌយានជំនិះរបស់ខ្លួនឲ្យបានគ្រប់គ្រាន់ ដូចជាកញ្ចក់មើលក្រោយ ចង្កៀងបំភ្លឺភ្លើង សញ្ញាបត់។ល។
លោកជំទាវបានបន្តទៀតថា គ្រោះថ្នាក់ចរាចរណ៍ កំពុងក្លាយជាឃាតករសម្លាប់ជីវិតមនុស្ស នៅលើដងផ្លូវសាធារណៈជាច្រើនបំផុត និងបង្កឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់សុខភាព សាធារណៈក្នុងប្រទេសកម្ពុជា ដែលមានមនុស្សស្លាប់ និងច្រើនពាន់អ្នកផ្សេងទៀតរងរបួសធ្ងន់ ស្រាលធ្វើឲ្យប្រទេសកម្ពុជាខាតបង់ថវិកាច្រើន រយលានដុល្លារ។
ដោយមើលឃើញពីស្ថានភាពនៃគ្រោះថ្នាក់ចរាចរណ៍ពីមួយឆ្នាំ ទៅមួយឆ្នាំ មានការកើនឡើង សាខាកាកបាទក្រហមកម្ពុជាខេត្ត បាននឹងជំរុញឲ្យមានអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ចុះសហការ ជាមួយមន្ត្រីចរាចរផ្លូវគោក នៅតាមចំណុចគោលដៅ ដើម្បីផ្សព្វផ្សាយ ពីផលប៉ះពាល់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងធ្វើការណែនាំឲ្យអ្នកបើកបរទាំងអស់ត្រូវពាក់មួកសុវត្ថិភាព ខ្សែក្រវាត់សុវត្ថិភាព និងការបើកបរ ក្រោមឥទ្ធិពល គ្រឿងស្រវឹង។
ក្នុងយុទ្ធនាការនេះសាខា រួមនិងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានរៀបចំកម្រងសំណួរចម្លើយ និងចែកមួកសុវត្ថិភាពដល់អ្នកឆ្លើយសំណួរត្រូវចំនួន ៦០មួក, អាវយឺត ១៨០អាវ, ម៉ាស់ ចំនួន៣០០, សៀភៅច្បាប់ចរាចរណ៍ផ្លូវគោក ចំនួន ៣០០ក្បា,ល សៀវភៅអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹងចំនួន ៣០០ក្បាល, ខិត្តប័ណ្ណជំនួយស្មារតីស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក ចំនួន ៣០០សន្លឹក, ស្ទីគ័រថ្ងៃនេះ ថ្ងៃស្អែក កុំអោយមាន គ្រោះថ្នាក់ចរាចរណ៍ ចំនួន ៣០សន្លឹក, ចងបដាអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោកចំនួន ៤ផ្ទាំង និងចែកខិតប័ណ្ណផ្សព្វផ្សាយ ៥០០សន្លឹក ដោយមានអ្នកចូលរួមផ្សព្វផ្សាយ និងឆ្លើយសំណួរសរុប ៤៥៥នាក់ ស្រី ២០២នាក់។ ក្នុងឱកាសនោះដែរ លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា បានឧបត្ថម្ភដល់ អ្នកចូលរួមចំនួន ៤៥៥នាក់ ក្នុងម្នាក់ថវិកា ១០,០០០រៀល ៕