ជាមួយគ្នានោះដែរ លោក វុធ ថៃយ៉ាង គ្រៀងក្រៃវីដ នាយករងក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ ក៏បានធ្វើសេចក្តីរាយការណ៍ឱ្យដឹងដែរថា ក្រុមហ៊ុននេះ បានទុកប្រទេសកម្ពុជាជាគោលដៅអាទិភាពនៃការវិនិយោគ និងថាក្នុងរយៈពេល២៦ឆ្នាំនៃការវិនិយោគនៅកម្ពុជានោះ ក្រុមហ៊ុនមានអាជីវកម្មបីប្រភេទ រួមមាន៖ អាជីវកម្មអាហារសត្វ ការចិញ្ចឹមសត្វ និងអាជីវកម្មអាហារកែច្នៃ និងបានទិញវត្ថុធាតុដើមមាននៅកម្ពុជាស្រាប់ ដូចជាពោត ដំឡូងមី ចុងអង្ករជាដើម។
ទន្ទឹមនេះ ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ក៏បានគូសបញ្ជាក់ដែរថា ចាប់តាំងពីឆ្នាំ១៩៩៦មក ស៊ី.ភី ខេមបូឌា ចំកាត់ បានបោះទុនវិនិយោគជាបន្តបន្ទាប់នៅកម្ពុជា រហូតក្លាយជាក្រុមហ៊ុនចិញ្ចឹមសត្វ ផលិតចំណីសត្វ និងកែច្នៃអាហារដ៏មានសក្ដានុពលមួយនៅកម្ពុជា ហើយនៅក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជាកន្លងមកនោះ ក្រុមហ៊ុនក៏បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលយ៉ាងសកម្មក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការជួយប្រជាជនផងដែរ។
នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទីនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍គូសបញ្ជាក់ថា ក្នុងនាមសម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាល សម្ដេចពិតជាមានសេចក្ដីរីករាយដែលបានអញ្ជើញចូលរួមពិធីសម្ពោធរោងចក្រ ស៊ី.ភី ខេមបូឌា ចំកាត់ នាឱកាសនេះ ហើយជាមួយគ្នានេះដែរក្នុងនាមសម្ដេចផ្ទាល់ក៏មានសេចក្ដីត្រេកអរដែលបានចូលរួមផ្ដល់កម្លាំងចិត្តទាំងសម្រាប់ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ និងសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ដែលមានកិច្ចសហប្រតិបត្តិការជាមួយគ្នា។
សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍បន្ថែមថា វិស័យកសិកម្មនៅកម្ពុជា បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនសេដ្ឋកិច្ច និងសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ពិសេសចូលរួមចំណែក២០ភាគរយនៃផលិតផលក្នុងស្រុកសរុប។ សម្ដេចក៏បានបន្តថា វិស័យកសិកម្ម កាន់តែដើរតួនាទីសំខាន់នៅក្នុងបរិបទនៃការប្រឈមមុខនឹងវិបត្តិកូវីដ-១៩ និងការប្រែប្រួលជាអវិជ្ជមានមួយចំនួនរបស់សកលលោក។
សម្ដេចក្រឡាហោម បានមានប្រសាសន៍បន្តថា វិស័យកសិកម្មក៏ជាចលករជំរុញបដិវត្តន៍ឧស្សាហកម្មផងដែរ ជាពិសេសកសិឧស្សាហកម្មសម្រាប់ ទាំងពេលបច្ចុប្បន្ន និងអនាគត ដែលនាំមកនូវពហុប្រយោជន៍ និងគុណតម្លៃជាច្រើន ដូចជាការបន្ថែមតម្លៃ ការបង្កើនគុណភាព និងរយៈពេលនៃការរក្សាទុកផលិតផល ការពង្រីកទីផ្សារកសិផល ការអភិវឌ្ឍន៍សហគ្រាសធនតូច និងមធ្យម ការបង្កើតការងារក្នុងស្រុក កាត់បន្ថយចំណាកស្រុក និងបង្កើនឱកាសសម្រាប់ការនាំចេញផលិតផល។
សម្ដេចបានគូសបញ្ជាក់ថាការវិនិយោគរបស់ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ ដែលបង្កើតរោងចក្រកែច្នៃអាហារតាមស្តង់ដាអន្តរជាតិសម្ពោធនាពេលនេះ គឺជាដំណោះស្រាយយុទ្ធសាស្រ្ត និងទាន់ពេលវេលាឆ្លើយតបទៅនឹងតម្រូវការផលិតកម្មសត្វ បង្កើតឱកាសការងារ កាត់បន្ថយការធ្វើចំណាកស្រុក បន្ថែមលើការពង្រីកសក្ដានុពលវិស័យកសិឧស្សាហកម្មនៅកម្ពុជា។ សម្ដេចបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះដំណើរការរបស់ក្រុមហ៊ុនមួយនេះ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្ដេចក្រឡាហោម ស ខេង បានបង្ហាញការគាំទ្រ និងលើកទឹកចិត្តក្រុមហ៊ុនបន្តខិតខំកសាងរោងចក្រផលិតចំណីអាហារបែបនេះបន្ថែមទៀតនៅតាមបណ្ដាខេត្តដែលមានសក្ដានុពលនៅកម្ពុជា ហើយទន្ទឹមគ្នានេះ សម្ដេចក៏បានស្នើឱ្យក្រុមហ៊ុនជួយផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលបច្ចេកទេសដល់មន្រ្តីកសិកម្ម និស្សិត សហគមន៍ និងប្រជាកសិករអំពីបច្ចេកទេសថ្មីៗផងដែរ៕
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា