ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះ រដ្ឋាភិបាលអូស្ត្រាលីដែលបានគាំទ្រកម្ពុជាក្នុងភាពជាប្រធានអាស៊ាន ហើយក៏បានថ្លែងអំណរគុណផងដែរជូនចំពោះ ឯកឧត្តម Pablo Kang ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈអ្វីដែលបានលើកឡើងខាងដើម រួមទាំងវិស័យកសិកម្មផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណជូនចំពោះ រដ្ឋាភិបាលអូស្ត្រាលីដែលបានផ្ដល់ទាំងវ៉ាក់សាំងកូវីដ១៩ ឧបករណ៍ថែរក្សាវ៉ាក់សាំង ដល់កម្ពុជា។ សម្ដេចតេជោ បានមានប្រសាសន៍បន្ថែមថា ជំនួយនេះ ពិតជាសំខាន់ណាស់ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ដែលជាឃាតករកំបាំងមុខ មិនឱ្យសម្លាប់ប្រជាជនកម្ពុជា ដែលសិទ្ធិរស់រានមានជីវិតគឺសំខាន់បំផុត សម្រាប់កម្ពុជា បើគ្មានសិទ្ធិរស់រៀនមានជីវិតទេ នោះក៏ពុំចាំបាច់និយាយអំពីសិទ្ធិអ្វីផ្សេងទៀតដែរ ។ជាក់ស្តែងដូចជាការអនុញ្ញាតឲ្យចុះចតកប៉ាល់ Westerdam ចូលចត ជាសក្ខីភាពដែលកម្ពុជា ចាត់ទុកសិទ្ធិរស់រានមានជីវិតសំខាន់ជាងអ្វីៗទាំងអស់ ប្រសិនបើកម្ពុជាបានអនុញ្ញាតឲ្យកប៉ាល់ Westerdam ចុះចតទេនោះ មិនដឹងជាវាសនាប្រជាជននៅលើកប៉ាល់នោះ ទៅជាយ៉ាងណានោះទេ ដែលនៅពេលដែលប្រទេសជាច្រើនមិនឱ្យកប៉ាល់នោះចូលចត ។
ជាទីបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តម Pablo Kang សូមឲ្យទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត ក្នុងបេសកកម្មនៅថ្ងៃអនាគត ៕