ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព យើងត្រូវអនុវត្តតាមបទបញ្ជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានម៉ឹងម៉ាត់ ម៉ត់ចត់ ដែលក្នុងនោះ ក្រសួងបរិស្ថាន បានដាក់ចេញវិធានការ ចំនួន៤ ក្នុងនោះជំរុញការអនុវត្តច្បាប់១០០% មិនមានការ លើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះ កិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស។ ការសហការយ៉ាងជិតស្និតជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ។ ពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក និងជំរុញការដាំស្តារព្រៃឈើ និងឈើហូបផ្លែឱ្យសំដៅឱ្យមានការដាំដើមឈើច្រើន ដើម្បីបង្កើនការដាំដុះគម្របព្រៃឈើ ឱ្យបានជាង ៦០%ក្នុងឆ្នាំ ២០៥០ផង និងបង្កើតចំណូលសេដ្ឋកិច្ចមូលដ្ឋាន ផ្តល់ប្រយោជន៍ជូនប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍគោលដៅលំហែរបៃតង ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងអនុលោមតាម យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា៕