សម្តេចធិបតី បានបង្ហាញនូវក្តីរំពឹងយ៉ាងមុតមាំថា ប្រព័ន្ធបញ្ជរតែមួយជាតិ នឹងក្លាយជាគំរូជោគជ័យមួយទៀតនៃកិច្ចប្រឹងប្រែងរួមគ្នារបស់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល ដែលបានជម្នះនូវការលំបាកទាំងឡាយ ក្នុងដំណើការនៃការសម្របសម្រួលស្ថាប័ន ។ ក្នុងន័យនេះ ប្រព័ន្ធបញ្ជរតែមួយជាតិ អាចចាត់ទុកបានថា ជាជោគជ័យរួមគ្នា ឬជាសមិទ្ធិផលរួមគ្នារបស់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលក្នុងការអនុវត្តការងារតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» (Dynamics of Stakeholder System) ដែលការធ្វើការួមគ្នាប្រកបដោយជោគជ័យនេះ ក៏បានហុចផលដល់វិស័យឯកជននូវប្រយោជន៍ជាច្រើន មានជាអាទិ៍ ចំណេញពេលវេលា និងកាត់បន្ថយចំណាយ ដោយមិនចាំបាច់ត្រូវរត់ការពីក្រសួង-ស្ថាប័នមួយ ទៅក្រសួង-ស្ថាប័នមួយទៀតនោះទ្បើយ ។
ជាចុងក្រោយ សម្តេចមហាបវរធិបតី បានកោតសរសើរចំពោះថ្នាក់នាំ និងសមាជិក សមាជិកាទាំងអស់នៃគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ ដែលបានខិតខំរួបរួមគ្នាអភិវឌ្ឍ និងអនុវត្តគម្រោងបញ្ជរតែមួយជាតិនេះរហូតសម្រេចបានជោគជ័យគួរជាទីមោទនៈ ព្រមទាំងបានជំរុញក្រសួង-ស្ថាប័នដែលមានការពាក់ព័ន្ធ ហើយដែលមិនទាន់ចូលរួមអនុវត្តប្រព័ន្ធនេះ ឱ្យចូលរួមអនុវត្តបានឆាប់រហ័ស ៕