សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ការអប់រំល្អ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់បុគ្គល គ្រួសារ និងសង្គមជាតិទាំងមូល នោះគឺសំដៅទៅដល់ការផ្គត់ផ្គង់ធនធានមនុស្ស កម្លាំងពលកម្មដែលមានចំណេះដឹង ជំនាញវិជ្ជាជីវៈ ឆ្លើយតបកាន់តែមានប្រសិទ្ធភាពទៅនឹងទីផ្សារការងារ និងឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍជាតិ។ រាជ រដ្ឋាភិបាលបានចាត់ទុកថា ការអប់រំល្អ គឺជាកូនសោរសម្រាប់ដោះស្រាយរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ។ ប្រការនេះ រាជរដ្ឋាភិបាលបានបន្តផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងឡើង ទៅលើការអភិវឌ្ឍន៍មូលធនមនុស្ស ដើម្បីធ្វើឲ្យមុតស្រួច ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជាឆាប់រហ័ស ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ដែលមានចក្ខុវិស័យច្បាស់លាស់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។
ជាការអំពាវនាវរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ចំពោះមុខ សូមឲ្យមាតាបិតា អាណាព្យាបាលសិស្ស និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវរួមចំណែកឲ្យបានខ្លាំងក្លា ដើម្បីពង្រឹងខឿនសន្តិសុខជាតិ តាមរយៈនៃការជម្រុញបន្តចលនាអនុវត្តគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព និងសកម្មក្នុងការអប់រំកូនចៅទាំងផ្នែកសុខភាព ចំណេះដឹង និងសីលធម៌ ដើម្បីឲ្យពួកគេក្លាយជាធនធានមនុស្សពោរពេញដោយសមត្ថភាព ទេពកោសល្យ និងសក្តានុពល ឈានទៅអនាគតមួយដ៏រុងរឿង។ ក្នុងសេក្តីអំពាវនាវរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានសំដៅទៅកាន់រដ្ឋបាលមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវចាត់វិធានការណ៍ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចំពោះទណ្ឌិត សម រង្ស៉ី និងបក្ខពួក ដែលមានផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ តាមរយៈនៃការប្រើប្រាស់វិធីញុះញ៉ង់ អុជអាល បំផុសបំផុល និងប្រើឧបាយកលបោកបញ្ឆោត អូសទាញប្រមូលកម្លាំងប្រជាជនស្លូតត្រង់ និងកម្លាំងប្រដាប់អាវុធរបស់ជាតិ ឲ្យបះបោរតាមរូបភាពជាបដិវត្តន៍ដោយហឹង្សា ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអំពើវិទ្ធង្សនា និងជាឧក្រឹដ្ឋកម្មធ្ងន់ធ្ងរបំផុត ប៉ះពាល់ដល់សន្តិសុខជាតិ ។
យ៉ាងណាក៏ដោយ សម្តេចពិជ័យ អំពាវនាវបន្ថែមថា សូមឲ្យប្រជាពលរដ្ឋដែលលង់ចាញ់ឧបាយកលបោកបញ្ឆោតរបស់ទណ្ឌិត សម សង្ស៉ី ឲ្យចូលរួមចលនាក្បត់ជាតិនោះ ប្រញាប់ប្រញាល់ភ្ញាក់រលឹកឡើង ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល រួមរស់ជាមួយសង្គមជាតិវិញ។ អ្នកចង់ទៅចូលរួមទទួលវត្តមានទណ្ឌិត សម រង្ស៉ី ចូលស្រុកវិញនោះ មិនចាំបាច់ព្រួយបារម្ភនោះទេ រាជរដ្ឋាភិបាល និងសាលក្រមតុលាការ កំពុងរង់ចាំទទួលហើយ ទីកន្លែងសម្រាប់ទទួល ក៏រៀបចំរួចរាល់ហើយដែរ៕